មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កាត់សត្វខ្សឹប លើកដំបូងគេលើពិភពលោក ដើម្បីបង្កើនចំនួន និងអភិរក្សសត្វខ្សឹបនៅកម្ពុជា

ខេត្តសៀមរាប៖ ដើម្បីបង្កើនចំនួនសត្វខ្សឹបដែលជាសត្វដ៏កម្របំផុតក្នុងពិភពលោកនោះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលហៅកាត់ថា (ACCB)ស្ថិតនៅក្នុងបរិវេណរមណីយដ្ឋានក្បាលស្ពាន នៃ ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានធ្វើការបង្កាត់ពូជសត្វខ្សឹបលើកដំបូងគេដើម្បីបង្កើនចំនួន និងអភិរក្សសត្វខ្សិបនៅកម្ពុជាក៏ដូចជានៅលើពិភពលោក។

ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលអង្គរអភិរក្សជីវៈចម្រុះ នាថ្មីៗមកនេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងថា៖ក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះគឺជាកន្លែងទីមួយដែលជោគជ័យទៅលើកការបង្កាត់ពូជសត្វខ្សឹប ដែលជាសត្វកម្របំផុតមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ក្នុងបណ្តាលប្រទេសមួយចំនួន ដូចជាប្រទេសឥណ្ឌាជាដើម ដែលមានសត្វខ្សឹបរស់នៅផងដែរ ក្នុងនេះគេក៏បានស្នើសុំមកសិក្សា ព្រោះកន្លែងនេះ កម្ពុជាយើងទទួលបានជោគជ័យទាំងការបង្កាត់ពួជរវាងសត្វខ្សឹបញី និងឈ្មោល ដែលនៅក្នុងទីតាំងនេះវាផ្តល់ពង ហើយការប្រមូលពងពីជម្រកធម្មជាតិ យកមកបង្កាត់វាក៏វាទទួលបានជោគជ័យដែរ។

បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីនេះដែរ កញ្ញា Christel Griffioen នាយិកាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងថាមជ្ឈមណ្ឌលនេះជាមជ្ឈមណ្ឌលអភិរក្សប្រភេទរបស់សួនសត្វអាល់វិតធឿស្សូម៉ឹនស្ទឿ ប្រទេសអាល្លឺម៉ង ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០០៣ ក្នុងគោលបំណងដើម្បីការអភិរក្សបង្កាត់ពូជ, ការសង្គ្រោះនិងស្តារនីតិសម្បទា, ការអប់រំផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវ។

នាយិកា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ រូបនេះបានប្រាប់ដែរថា «ពងសត្វខ្សឹប ដែលប្រមូលបានពីព្រៃក៏នឹងត្រូវបានភ្ញាស់ដោយសិប្បនិមិត្តនៅទីនោះ។ កូនសត្វទាំងអស់ត្រូវបានចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យ មុននឹងត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីបង្កាត់ពូជ។ កូនដែលបង្កាត់បានទាំងអស់នឹងត្រូវលែងឱ្យចូលទៅក្នុងព្រៃវិញនាពេលអនាគត»។

ទាក់ទិនក្នុងការបង្កាត់ខ្សឹបនេះដែរ កញ្ញា Christel Griffioenបានឱ្យដឹងបន្ថែមថាការបង្កាត់ពូជសត្វខ្សិបជាការងារមួយជួបការលំបាក ទោះបីយ៉ាងណាដោយសារមជ្ឈមណ្ឌលអ្នកស្រីមានបុគ្គលិកជំនាញខាងថែទាំសត្វ ហើយបន្ទាប់មកទៀតយើងបានបណ្តុះបណ្តាល ក្រុមការងារនៅក្នុងសហគមន៍តែម្ដង។

គួរបញ្ជាក់ថា សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើមកំណើតនៅឧបទ្វីបឥណ្ឌា។ សត្វប្រភេទនេះ មាននៅប្រទេសកម្ពុជា និងធ្លាប់មាននៅវៀតណាម។ វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោក ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថាមានចំនួនតិចជាង ៥០០ក្បាល នៅលើពិភពលោក៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ង៉ាន់ ទិត្យ និងលោក រិនរចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner