ភ្នំភ្លើងឥណ្ឌូនេស៊ីទាក់ទាញមនុស្សរាប់ពាន់នាក់មកធ្វើពិធីបូជា
ហ្សាការតា៖ អ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់ នៅថ្ងៃចន្ទនេះ បានប្រមូលផ្តុំគ្នានៅឯភ្នំភ្លើងសកម្មមួយ ដើម្បីបោះចោលសត្វពាហនៈ អាហារ និងគ្រឿងបូជាផ្សេងៗទៀត ចូលទៅក្នុងរណ្ដៅ នៃពិធីបុណ្យសាសនាដែលមានអាយុកាលរាប់សតវត្សរបស់ប្រទេសឥណ្ឌូនេស៊ី។
អ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់បាននាំយកសត្វពពែ មាន់ និងបន្លែរបស់ពួកគេ ធ្វើដំណើរឡើងទៅលើកំពូលភ្នំ Bromo ដែលជាផ្នែកមួយនៃពិធីបុណ្យ Yadnya Kasada។ ពិធីបុណ្យនៅថ្ងៃចន្ទនេះ ត្រូវបានធ្វើឡើងវិញជាលើកដំបូង ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩។
ជារៀងរាល់ឆ្នាំសមាជិកកុលសម្ព័ន្ធ Tengger មកពីតំបន់ខ្ពង់រាបនានា បានប្រមូលផ្តុំគ្នានៅលើកំពូលភ្នំភ្លើងដ៏ល្បីល្បាញនេះ ដើម្បីគយគន់ទេសភាពថ្ងៃរះដ៏គួរឱ្យទាក់ទាញ ក្នុងក្តីសង្ឃឹមថា នឹងផ្គាប់ចិត្តព្រះរបស់ពួកគេ ហើយនាំសំណាងដល់ក្រុមកុលសម្ព័ន្ធ Tenggerese ដែលជាក្រុមជនជាតិដើមភាគតិចនៅភាគខាងកើតកោះជ្វា។
លោក Slamet ជាកសិករមានអាយុ ៤០ឆ្នាំ បាននិយាយថា យើងបាននាំយកគោមកថ្វាយព្រះ… នេះក៏ជាទង្វើនៃការដឹងគុណចំពោះព្រះ ដែលបានផ្តល់ឱ្យយើងនូវភាពចម្រុងចម្រើន។ ព្រឹត្តិការណ៍នេះមានឫសគល់ចេញពីរឿងព្រេងនិទាននៅសតវត្សរ៍ទី ១៥ ពីនគរ Majapahit ដែលជាអាណាចក្រហិណ្ឌូ-ពុទ្ធសាសនាជ្វា ដែលគ្របដណ្តប់ពាសពេញអាស៊ីអាគ្នេយ៍។
រឿងព្រេងនិទាននេះ បានតំណាលថា ព្រះនាង រ៉ូរ៉ូ អានតេង និងស្វាមី មិនអាចបង្កើតកូនបាន បន្ទាប់ពីរៀបការបានច្រើនឆ្នាំ ដូច្នេះពួកគេបានសុំអង្វរព្រះឱ្យជួយ។ ការអធិស្ឋានរបស់ពួកគេត្រូវបានឆ្លើយតបពីព្រះ នៅពេលដែលពួកគេបានសន្យាថា នឹងមានកូន ២៥នាក់ ដរាបណាពួកគេយល់ព្រមលះបង់កូនពៅរបស់ពួកគេដោយបោះគាត់ទៅក្នុងភ្នំ Bromo៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា