លោក បៃដិន សរសើរដាណាម៉ាក ចំពោះជំហរគាំទ្រអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទនេះ បានអរគុណនាយករដ្ឋមន្ត្រីដាណាម៉ាក លោកស្រី ម៉េត ហ្វ្រេដឌើរីកសិន សម្រាប់តួនាទីរបស់ដាណឺម៉ាកនៅក្នុងសម្ព័ន្ធភាពលោកខាងលិច ក្នុងការគាំទ្រដល់អ៊ុយក្រែនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីរយៈពេល ១៥ខែមកនេះ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់នាយករដ្ឋមន្ត្រីដាណាម៉ាក លោកស្រី ម៉េត ហ្វ្រេដឌើរីកសិន នៅឯការិយាល័យ Oval ថា មានការប្តេជ្ញាចិត្តរួមគ្នាចំពោះគុណតម្លៃស្នូល… យើងរួមគ្នាការពារតម្លៃទាំងនោះ រួមទាំងការក្រោកឈរឡើងដើម្បីការពារប្រជាជនអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅរបស់ជនជាតិរុស្ស៊ី។
នាឱកាសនោះដែរ លោកស្រី ហ្វ្រេដឌើរីកសិន បានអរគុណដល់លោក បៃដិន ដែលបានដឹកនាំសម្ព័ន្ធភាពឆ្លងអាត្លង់ទិក។ លោកស្រី ហ្វ្រេដឌើរីកសិន បាននិយាយដូច្នេះទៀតថា ខ្ញុំទន្ទឹងរង់ចាំធ្វើការកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ទៅលើវិស័យការពារជាតិ និងសន្តិសុខ។ ដាណឺម៉ាកបានទិញយន្តហោះចម្បាំង F-16 ផលិតដោយអាមេរិករាប់សិបគ្រឿង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ហើយបាននិយាយថា ខ្លួនបើកចំហចំពោះលទ្ធភាពផ្តល់ឱ្យយន្តហោះទាំងនេះមួយចំនួនទៅដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា លោក បៃដិន កំពុងរៀបចំជំនួបដ៏សំខាន់មួយជាមួយសម្ព័ន្ធមិត្តអឺរ៉ុបក្នុងសប្តាហ៍នេះ ដែលនឹងផ្តោតជាអាទិភាពទៅលើអ្វីដែលមាននៅពេលខាងមុខ ក្នុងសង្រ្គាមនៅអ៊ុយក្រែន រួមទាំងកិច្ចខិតខំប្រឹងប្រែងដែលទើបនឹងចាប់ផ្តើម ដើម្បីបណ្តុះបណ្តាល ហើយនៅទីបំផុតឈានដល់ការបំពាក់ឱ្យអ៊ុយក្រែន នូវយន្តហោះចម្បាំង F-16s ដែលផលិតដោយអាមេរិក។ លោក បៃដិន ក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ ផងដែរ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ទាំងអង់គ្លេស និងដាណឺម៉ាកកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងផែនការអន្តរជាតិរួមគ្នា ដែលលោក បៃដិន ថ្មីៗនេះបានគាំទ្រ បន្ទាប់ពីរាប់ខែនៃការប្រឆាំងនឹងការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានស្នើសុំយន្តហោះចម្បាំងពីសហរដ្ឋអាមេរិក៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា