វ៉ិត ចន្ថា ៖ វិរៈកឡាការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំ គឺអ្នកម្តាយ
ភ្នំពេញ ៖ កីឡាការិនី វ៉ិត ចន្ថា ដណ្តើមបានមេដាយមាសមួយទៀតហើយជូនកម្ពុជា លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រជនមានពិការភាព T64 នាល្ងាចថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៣ ដែលជាមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍អាស៊ាប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ មេដាយមាសទី២ ដែល វិរៈកីឡាការិនីជនមានពិការភាព វ៉ិត ចន្ថា ដណ្តើមបាននេះ គឺជាការការពារតំណែងមេដាយមាសនៅអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ២០២២។
បន្ទាប់ពីការពារបានតំណែងមេដាយមាសក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំក្នុងទឹកដីកំណើតរបស់ខ្លួន កីឡាការិនី វ៉ិត ចន្ថា បានថ្លែងលើកឡើងថា មេដាយមាសទី២ដែលខ្ញុំដណ្តើមបាននេះ ដោយសារតែការលើកទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋដែលមកគាំទ្រ ដែលបានបន្លឺជាសំលេងស្រែកហ៊ូគាំទ្រលើកទឹកចិត្តធ្វើឲ្យគាត់មានកម្លាំងចិត្តរត់បន្ថែមល្បឿនរហូតដល់ទីទទួលបានជោគជ័យ ទោះបីឈឺបង្គង់ក៏ដោយ។
កីឡាការិនី វ៉ិត ចន្ថា បានលើកឡើងទៀតថា បងប្អូនគ្រប់គ្នាតែងតែហៅខ្ញុំថា វិរៈកីឡាការិនី តែពួកគាត់អត់ដឹងថា វិរៈការិនីពិតប្រាកដនៅពីក្រោយជោគជ័យរបស់ខ្ញុំរហូតមកគឺជាអ្នកម្តាយរបស់ខ្ញុំ គាត់ម្នាក់នេះហើយ បានដើរតួនាទីជាឱពុកនិងជាម្តាយផង តាមថែរក្សាមិនបោះបង់ចោលកូនទោះជាស្រ្តីមេម៉ាយដែលមានជីវភាពក្រីក្រ។ នាងថា សូមអរគុណអ្នកម្តាយដែលបានបង្កើតកូនមកក្នុងសភាពគ្រួសារក្រីក្រ ប្រសិនបើនាងបានចាប់កំណើតជាកូនអ្នកធូធាម្លេះ នាងមិនបានឆ្លងកាត់ភាពលំបាកក្នុងជីវិតឡើយ ។ព្រោះតែភាពលំបាកទាំងអស់នេះហើយ បានជំរុញឲ្យខ្ញុំតស៊ូនៅក្នុងជីវិតរហូតទោះបីជួបឧបសគ្គក៏ដោយ ហើយការតស៊ូក្នុងសភាពគ្រួសារក្រីក្រខ្វះមុខខ្វះក្រោយនេះហើយ ទើបបង្កើតភាពជោគជ័យដោយការដណ្តើមបានមេដាយមាសជូនជាតិជាបន្តបន្ទាប់។
ជោគជ័យសម្រាប់មេដាយមាស២គ្រឿងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ នាងបានអរគុណពន់ពេកគ្មានអ្វីនិងតបស្នងឡើយ ចំពោះឯកឧត្តម ហ៊ុន ម៉ានី និងសម្តេចតេជោ ហ៊ុនសែន បើគ្មានការលើកទឹកនិងការឧបត្ថម្ភថវិកានិងសម្ភារៈនោះទេ នាងខ្ញុំក៏អាចដណ្តើមមេដាយជូនជាតិដែរ។
កីឡាការិនី វ៉ិត ចន្ថា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ ប្រកួតប្រជែងលើ៣វិញ្ញសា គឺ វិញ្ញសាលោតចម្ងាយ វិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ និងវិញ្ញសារត់ចម្ងាយ២០០ម៉ែត្រ ខណៈ២វិញ្ញសា លោតចម្ងាយនិងរត់ចម្ងាយ៤០០ម៉ែត្រ ដណ្តើមបានមេដាយមាស២គ្រឿងជូនជាតិការពារតំណែងមេដាយមាសអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅប្រទេសឥណ្តូនេស៊ី ហើយនៅមួយវិញ្ញសាទៀតរត់ចម្ងាយ២០០ម៉ែត្រមិនទាន់ប្រកួត ប៉ុន្តែវិញ្ញសានេះ ក៏មានក្តីសង្ឈឹមខ្ពស់ក្នុងការប្រជែងដណ្តើមបានមេដាយកម្រិតខ្ពស់ជូនជាតិដែរ។
គួររំលឹកថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្តូនេស៊ីក្នុងឆ្នាំ២០២២កន្លងទៅ កីឡាការិនី វ៉ិត ចន្ថា ដណ្តើមបានមេដាយចំនួន៣គ្រឿងជូនកម្ពុជា គឺមាស២និងប្រាក់មួយគ្រឿង៕ រូបភាព៖ ជីម ភារ៉ា អត្ថបទ សសេរ ដោយ ជាវ ចន្ធូ