សហរដ្ឋអាមេរិក និងចិន ចូលរួមសមយុទ្ធកងទ័ពជើងទឹកនៅឥណ្ឌូនេស៊ី បើទោះជាមានភាពតានតឹងក៏ដោយ
ហ្សាការតា៖ សហរដ្ឋអាមេរិក និងចិនបានបញ្ជូននាវាចម្បាំងទៅចូលរួមសមយុទ្ធកងទ័ពជើងទឹកពហុជាតិ ដែលបានចាប់ផ្តើមក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី០៥ ខែមិថុនានេះ បើទោះបីជាមានការប្រេះឆារវាងមហាអំណាចទាំងពីរក៏ដោយ។
ទាំងសហរដ្ឋអាមេរិក និងចិនបានបញ្ជូននាវាចម្បាំងរបស់ពួកគេ ទៅចូលរួមសមយុទ្ធកងទ័ពជើងទឹកពហុភាគី ដែលហៅកាត់ថា (MNEK) ប្រចាំឆ្នាំ ២០២៣ ដែលរៀបចំដោយម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅក្នុងដែនទឹកភាគខាងកើតនៃកោះ Sulawesi ចាប់ពីថ្ងៃទី០៥ ដល់ទី០៨ ខែមិថុនានេះ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងហ្សាកាតា បាននិយាយថា កងទ័ពជើងទឹកអាមេរិកបានបញ្ជូននាវាចម្បាំងទៅចូលរួមសមយុទ្ធនៅឥណ្ឌូនេស៊ី និងថា ការហ្វឹកហ្វឺននេះ នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកចូលរួមជាមួយប្រទេសដែលមានគំនិតដូចគ្នា សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ធ្វើការដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាផ្នែកមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយជាដើម។
ចំណែកក្រសួងការពារជាតិចិនបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងបញ្ជូននាវាពិឃាត និងនាវាចម្បាំងរបស់ខ្លួនចូលរួមសមយុទ្ធនេះ តបតាមការអញ្ជើញរបស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី។ ដោយឡែកអូស្ត្រាលី និងរុស្ស៊ីក៏ត្រូវបានគេរំពឹងថា នឹងបញ្ជូននាវាចម្បាំងរបស់ខ្លួនមកចូលរួមផងដែរ នេះបើតាមបញ្ជីយោធាឥណ្ឌូនេស៊ីដែលឃើញដោយអ្នកយកព័ត៌មាន AFP។
ក្រុមមន្ត្រីបាននិយាយថា សមយុទ្ធនេះនឹងមានការចូលរួមពីនាវាបរទេសចំនួន ១៧គ្រឿង ដែលនឹងផ្តោតសំខាន់លើប្រតិបត្តិការមិនមែនយោធាជាមួយសម្ព័ន្ធមិត្តសំខាន់ៗ។ អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូនេស៊ី លោក អាយ ម៉េដវីរ៉ាហាឌី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធ “MNEK” គឺជាការហ្វឹកហ្វឺនមិនមែនសង្គ្រាម តែផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការដែនសមុទ្រនៅក្នុងតំបន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា



