សម្តេចតេជោ ហ៊ុន សែន បន្តដាក់បទបញ្ជាដល់បណ្ដាអភិបាលនិងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ការកាប់ទន្រ្ទានរុករានព្រៃឈើល្មើសច្បាប់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តដាក់បទបញ្ជាដល់អាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ ត្រូវទប់ស្កាត់ការកាប់ទន្រ្ទានរុករានព្រៃឈើល្មើសច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា សម្តេចបន្តដាក់បទបញ្ជាដល់បណ្ដាអភិបាល និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ ត្រូវទប់ស្កាត់ឱ្យបានការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់នៅតាមខេត្តរបស់ខ្លួន ខណៈនាពេលកន្លងទៅ មានក្រុមមេខ្យល់ បានកែនប្រជាជនទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋត្រឹមមួយយប់បានសាងសង់ខ្ទមរហូតដល់ទៅ ៥០០ខ្ទម។
សម្តេចតេជោ ក៏បានបន្តណែនាំឱ្យមានការយកចិត្តទុកដាក់ក្នុងការអនុវត្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋឱ្យបានច្រើន ដែលនេះ គឺជារឿងល្អក្នុងការដោះស្រាយបញ្ហា វិវាទមួយចំនួននៅថ្នាក់មូលដ្ឋាន និងវិវាទជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋជាដើម។
សម្តេច ក៏បានលើកទឹកចិត្តឱ្យមានការចម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីមន្រ្ដីយុត្តិធម៌ មេធាវី និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីជៀសវាងបញ្ហា ឬវិវាទនោះឈានទៅដល់តុលការ ឬឈានទៅដល់ការប្រឈមផ្សេងៗទៀត។ ការកាត់ក្ដីនេះត្រូវធ្វើម៉េចត្រូវប្រកាន់ភ្ជាប់នូវយុត្តិធម៌ ត្រូវប្រកាន់ភ្ជាប់ឱ្យបាន មិនត្រូវឱ្យមានពាក្យថា ឱ្យតែអ្នកមានគឺឈ្នះ អ្នកក្រចាញ់នោះទេ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានមានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”សរុបចំនួន ១៨៣៥នាក់ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




