កម្ពុជា-អូស្ត្រាលី ពិភាក្សាពីការបង្កើតតុលាការការងារ ដើម្បីរួមចំណែកក្នុងការដោះស្រាយទំនាស់ក្នុងការងារ
ភ្នំពេញ៖ នាជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា ភាគីទាំងពីរបានលើកឡើងពីការបង្កើតតុលាការការងារ ដើម្បីជាការរួមចំណែកក្នុងការធ្វើឱ្យមានភាពប្រសើរក្នុងការដោះស្រាយទំនាស់ក្នុងការងារ។
ការពិភាក្សានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ រវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នាទីស្តីការក្រសួងការងារ។
ប្រភពក្រសួងបានឱ្យដឹងថា ក្នុងជំនួបនោះភាគីកម្ពុជា និងអូស្ត្រាលី បានលើកឡើងពីការបង្កើតតុលាការការងារផងដែរ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងលើការដោះស្រាយទំនាស់ឬការមិនចុះសម្រុងគ្នារវាងនិយោជក និងកម្មករនិយោជិត។
ត្រង់ចំណុចនេះឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍ថា ចំពោះការដោះស្រាយបញ្ហារបស់និយោជក និងកម្មករនិយោជិត កម្ពុជាបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្ដាលមួយ ហៅកាត់ថា AC រួចមកហើយ ដើម្បីសម្រួលការដោះស្រាយទំនាស់វិវាទក្រៅប្រព័ន្ធតុលការ ហើយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ច្បាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចមកហើយដែរ។តែទោះជាយ៉ាងណា ការរៀបចំបង្កើតតុលាការការងារនៅតែមានការយកចិត្តទុកដាក់និងឈានទៅការបង្កើតឱ្យបាននៅពេលខាងមុខ។
ទាក់ទងនឹងចំណុចនេះ លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ស្ថានភាពប្រទេសកម្ពុជាសព្វថ្ងៃនេះ ជាទូទៅរាល់ពេលមានវិវាទការងារកើតឡើង តែងតែដាក់ពាក្យបណ្ដឹងទៅតុលាការអាជ្ញាគតិ ហើយតុលាការនេះដោះស្រាយគ្រប់វិវាទ ដូច្នេះហើយបានជាកម្ពុជា មិនមានតុលាការតាមជំនាញនោះ។
លោកស្រីបានបន្តថា នៅតាមប្រទេសមួយចំនួន គឺមានតុលាការតាមជំនាញច្រើនណាស់ដូចជាតុលាការការងារ តុលាការគ្រួសារ តុលាការពាណិជ្ជកម្ម ដែលដោះស្រាយរឿងទំនាស់ការរកស៊ីជាដើម។
លោកស្រី អ៊ូ ទេពផល្លីន បានថ្លែងថាចំពោះតុលាការការងារ វាជាផ្នែកមួយដែលរដ្ឋត្រូវតែមានហើយ ក៏ប៉ុន្តែអ្វីដែលយើងយល់ មុននឹងឈានដល់តុលាការការងារ កម្មករក៏អាចប្រើប្រាស់នូវយន្តការក្រុមប្រឹក្សាអាជ្ញាធរកណ្ដាល ដើម្បីដោះស្រាយទាំងវិវាទរួម ទាំងវិវាទបុគ្គលផងដែរ។
លោកស្រីបន្តថាតុលាការការងារហ្នឹងក៏ត្រូវតែមានទម្រង់ស្រដៀងទៅនឹងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីធានាបានថាវិវាទដែលកម្មករបាននាំបណ្ដឹងទៅនោះ អាចទទួលបានយុត្តិធម៌។
សូមរម្លឹកដែរថា កាលពីខែមករា ឆ្នាំ ២០២២កន្លងមក ក្រសួងយុត្តិធម៌កម្ពុជា បានចេញសេចក្ដីសម្រេចចំនួនពីរ ដាច់ដោយឡែកពីគ្នាស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការជំនាញក្នុងនោះ រួមមានតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដើម្បីដោះស្រាយភាពចាំបាច់នៃសំណុំរឿងពិសេសដាច់ដោយឡែកជុំវិញវិវាទការងារ និងពាណិជ្ជកម្ម ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានចេញជាលទ្ធភាពដាក់ឲ្យដំណើរការនៅឡើយទេ៕ ដោយ៖ ជា សុខនី