អភិបាលខេត្តបាត់ដំបង៖ បន្តចុះផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការកាត់ឆ្វៀលដីតំបន់៣ និងកែសម្រួលព្រំប្រទល់ដីតំបន់៣ តំបន់២ និងតំបន់១
ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារមន្ទីរជំនាញពាក់ព័ន្ធថ្នាក់ខេត្ត ចុះផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន៤ ដែលជាប់ តំបន់បឹងទន្លេសាប ដើម្បីប្រកាសផ្សព្វផ្សាយអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ដែលរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការស្នើសុំ សម្តេចប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា កែសម្រួលផ្ទៃដីទំហំ ១៨ ៣៦៣,៧១ហិកតា ក្នុងនោះដីមិនទាន់ចុះបញ្ជីចំនួន ៦ ៣៧៧គ្រួសារ និងដីចុះបញ្ជីរួចចំនួន៣ ០៩៨ក្បាលដី។ ដោយឡែកដីឆ្វៀលចេញពីតំបន់៣មកជាដីតំបន់២,ពីដីតំបន់៣មកជាដីតំបន់១ និងពីដីតំបន់២ មកជាដីតំបន់១ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដែលពួកគាត់បានតាំងទីលំនៅគ្រប់គ្រង និងកាន់កាប់ប្រើប្រាស់អាស្រ័យផលជាក់ស្ដែងជាយូរហើយ។ និងបានស្នើសុំកែសម្រួលព្រំប្រទល់ដីតំបន់៣មកជាដីតំបន់២ ទំហំដី ៦ ៧០៣,៤៣ហិកតា ស្មើប្រជាពលរដ្ឋចំនួន ១ ៦៤៤គ្រួសារ។ ព្រមទាំងសុំកែសម្រួលព្រំប្រទល់ដីតំបន់២ មកជាតំបន់១ ទំហំ ៥០៩,៦១ហិកតាស្មើប្រជាពលរដ្ឋចំនួន ១០៧គ្រួសារ(មិនទាន់ចុះបញ្ជី)។
លោក សួន សុភា ប្រធានមន្ទីរសុរិយោដីខេត្តបានឲ្យដឹងថា៖ ស្រុកឯកភ្នំបានស្នើសុំរាជរដ្ឋាភិបាល ដើម្បីកាត់ឆ្វៀលនិងកែសម្រួលព្រំប្រទល់នៃតំបន់បឹងទន្លេសាប ពីដីតំបន់៣មកជាតំបន់២ មានទំហំ ១ ៣៦៣,៩០ហិកតា ស្មើ៤៩០គ្រួសារ។ស្នើសុំកាត់ឆ្វៀលដីតំបន់៣. មកជាដីតំបន់១. មានទំហំ ១ ៣៥០,០៣ហិកតា ស្មើនឹង ២ ៩៩៥គ្រួសារ។និងសុំកាត់ឆ្វៀលដីតំបន់២មកជាតំបន់១ ទំហំ ១ ៦៤០,១៥ហិកតាស្មើនឹង ៨៦៧គ្រួសារ។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានឲ្យដឹងថា៖ដោយឡែកនៅក្នុងឃុំកោះជីវាំង ស្នើសុំឆ្វៀលពីតំបន់៣មកជាតំបន់២ ទំហំដី៣១២,៥២ហិកតា។ឆ្វៀលពីតំបន់៣មកជាតំបន់១ទំហំដី៥៨៩,២៩ហិកតាស្មើនិង ១ ៦៥១គ្រួសារ។និងឃុំព្រៃចាស់ បានស្នើសុំឆ្វៀលកាត់ចេញពីតំបន់៣មកជាតំបន់១ទំហំដី ៧៦០,៧៤ហិកតា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១ ៣៤៤គ្រួសារ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ទាំងនោះ ជាពិសេសនៅក្នុងឃុំខាងលើនិងរស់នៅតំបន៎ផ្សេងៗទៀតជាប់បឹងទន្លេសាប ត្រូវបញ្ឈប់ជាបន្ទាន់ការទន្ទ្រានកាន់កាប់ដោយល្មើសច្បាប់ដីតំបន់៣ និងតំបន់ហាមឃាត់ផ្សេងទៀតដោយខុសច្បាប់ ហើយក៏មិនអនុគ្រោះនិងត្រូវចាប់ខ្លួនផ្តន្ទាទោសចំពោះមុខច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តរំលោភបំពានទន្ទ្រានកាន់កាប់នូវដីតំបន់ហាមឃាត់ដោយខុសច្បាប់ឬលើសពីកម្មវត្ថុនៃប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់និងអាស្រ័យផល ដែលអាចចាប់ឃាត់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់ជលផលនិងអាចប្រឈមទោសទណ្ឌជាប់ពន្ធនាគារ ពី៣ឆ្នាំទៅ៥ឆ្នាំ និងថែមទាំងពិន័យជាប្រាក់ទៀតផង៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )