ជប៉ុនផ្តល់ពីរលានដុល្លារជួយដល់ជនរងគ្រោះខ្យល់ព្យុះនៅមីយ៉ាន់ម៉ា និងបង់ក្លាដែស
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយ ២លានដុល្លារ ដើម្បីផ្តល់ស្បៀងអាហារ ទឹកបរិភោគ និងសម្ភារៈចាំបាច់ផ្សេងៗទៀតដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារព្យុះស៊ីក្លូនដ៏ធំមួយ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីខែមុន។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា បានប្រាប់អ្នកយកព័ត៌មានថា ជំនួយនេះ នឹងត្រូវផ្តល់ជូនមីយ៉ាន់ម៉ា និងបង់ក្លាដែសជាប្រទេសជិតខាងគ្នា ដែលជាម្ចាស់ផ្ទះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។ ជំនួយនេះដែរ នឹងត្រូវបានផ្តល់តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការអន្តរជាតិដទៃទៀត។
លោក ហាយ៉ាស៊ី បន្ថែមថា រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបន្តផ្តល់ជំនួយរបស់ខ្លួនសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែស និងក្រុមប្រទេសម្ចាស់ផ្ទះផ្សេងទៀតដែលទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង។ សូមរម្លឹកថា ព្យុះស៊ីក្លូន ម៉ូកា បានវាយប្រហារលើប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅនេះ។
ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗបានបង្កការខូចខាតយ៉ាងធំ ភាគច្រើននៅតំបន់ភាគខាងលិច។ រដ្ឋរ៉ាក់ឃីន ជាទីដែលរងគ្រោះខ្លាំងក្លាជាងគេ ខណៈដែលរដ្ឋមួយនេះ ជាផ្ទះរបស់ជនជាតិដើមមូស្លីមរ៉ូហ៊ីងយ៉ា ដែលរងការបង្រ្កាបដោយយោធាមីយ៉ាន់ម៉ា៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា