ម៉ាឡេស៊ីឈ្នះជើងឯក ការប្រកួតបាល់ទាត់ចលករខួរក្បាល ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២
ភ្នំពេញ៖ ទីបំផុតការប្រកួតកីឡាបាល់ទាត់ចលករខួរក្បាល ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ ២០២៣ ក្នុងវគ្គផ្តាច់ព្រ័ត្របានធ្លាក់ទៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីតស៊ូយ៉ាងស្វិតស្វាញជាមួយប្រទេសឥណ្ឌូនេស៊ីដោយលទ្ធផល៤ទល់នឹង២ នាយប់ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣។ ការប្រកួតនេះបានធ្វើឡើងនាពហុកីដ្ឋានជាតិ អូឡាំពិក។កីឡាទាំង២ក្រុមពោលគឺទាំងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាក្រុមបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថាគូរប្រកួតទាំង២បានតស៊ូយ៉ាងស្វិតស្វាញដោយក្នុងនេះក្នុងតង់ទី១និងតង់ទី២ពុំមានក្រុមណាមួយស៊ុតបញ្ចូលទីបានទេ។ពេលឈានដល់ម៉ោងបន្ថែមក្នុងតង់ទី១ ក្រុមកីឡាករបាល់ទាត់ប្រទេសម៉ាស៊ី មានឱកាសស៊ុតបញ្ចូលទីបានមួយគ្រាប់នាំមុខមុន ។ក្រោយពីនោះក្រុមប្រទេសឥណ្ឌូនេស៊ីមានឱកាសចុងម៉ោងតង់ទី២ រកគ្រាប់បាល់បានមួយគ្រាប់វិញធ្វើឱ្យលទ្ធផលស្មើគ្នាគឺ ១ទល់នឹង ១។ទីបំផុតក្រុមបាល់ទាត់ប្រទេសទាំង២ត្រូវបានសម្រេចសេចក្តីដោយស៊ុតប៉េណាល់ទី ហើយលទ្ធផលនោះគឺម៉ាឡេស៊ី ឈ្នះ ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៤ទល់នឹង២។
គួរបញ្ជាក់ថាក្នុងការប្រកួតបាល់ទាត់ក្នុងវគ្គដណ្តើមយកលេខ ៣និងលេខ៤ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងថ្ងៃដដែលនេះដែរ រវាងកីឡាករប្រទេសថៃ និងកីឡាករប្រទេសមីយ៉ាន់ម៉ា ក៏បានបញ្ចប់ក្នុងលទ្ធផល ៣ ទល់នឹង ២ដោយក្នុងនេះថៃដណ្តើមបានមេដាយសំរិទ្ធ។
ក្នុងការបិទបញ្ចប់ការប្រកួតកីឡាបាល់ទាត់ចលករខួរក្បាលក្នុងព្រឹត្ត្ិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ ២០២៣នេះដែរគណៈកម្មាធិការបានប្រគល់មេដាយមាសទៅ ឱ្យប្រទេសម៉ាឡេស៊ី មេដាយប្រាក់បានទៅប្រទេសឥណ្ឌូនេស៊ី និងមេដាយសំរិទ្ធបានទៅប្រទេសថៃ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ថេត វិចិត្រ




