ក្រសួងពាណិជ្ជកម្ម ប្រកាសអញ្ជើញពាណិជ្ជករចូលរួមពិព័រណ៍គ្រឿងអលង្ការនៅឥណ្ឌា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រកាសអញ្ជើញពាណិជ្ជករ អាជីវករ ម្ចាស់ក្រុមហ៊ុននាំចូល និងសាធារជនទូទៅចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍តាំងបង្ហាញម៉ូតគ្រឿងអលង្ការ និងសម្ភារលម្អរាងកាយឥណ្ឌាលើកទី១៧ នៅប្រទេសឥណ្ឌា ដើម្បីមានឱកាសសិក្សាស្វែងយល់បន្ថែមពីសិល្បៈ​ហត្ថកម្មដ៏អស្ចារ្យ​បំផុត និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះជាមួយនឹងការរចនាបែបទំនើប។

ព្រឹត្តិការណ៍ពិព័រពណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាជំរុញការនាំចេញវិស័យសិប្បកម្មឥណ្ឌា(The Export Promotion Council for Handicrafts-​EPCH) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់២៨ ខែមិថុនាឆ្នាំ២០២៣នៅមជ្ឈមណ្ឌលតាំងពិពរណ៍ហ្គ្រីតធ័រណយដាឥណ្ឌា ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដែលមានការចូលរួមពីក្រុមហ៊ុនឥណ្ឌាប្រមាណ ២៥០ មកពីគ្រប់តំបន់សម្រាប់ការតាំងបង្ហាញនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងបញ្ជាក់ពីការតាំងបង្ហាញនេះថា៖«ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការនេះ នឹងផ្តល់ឱកាសដល់ពាណិជ្ជករ បានស្វែងយល់ពីសិល្បៈ​ហត្ថកម្មដ៏អស្ចារ្យ​បំផុតរបស់ឥណ្ឌា និងសិល្បៈដែលធ្វើឡើងដោយភាពល្អឥតខ្ចោះជាមួយនឹងការរចនាបែបទំនើប»។

ក្រសួងបន្ថែមថា ម៉ូដគ្រឿងអលង្ការឥណ្ឌាទាំងនេះ ថែមទាំងបានឆ្លុះបញ្ចាំងពីកេរដំណែលដ៏​សម្បូរបែប​នៃស្នាដៃប្រពៃណីរបស់ជនជាតិឥណ្ឌា ដែលបានបញ្ចូលគ្នាជាមួយការរចនាបទប្រកបដោយភាពច្នៃប្រឌិត។

គួរបញ្ជាក់ថា កម្មវិធីពិពណ៌នេះនឹងផ្តល់ជូនពិសេសសម្រាប់អ្នកទិញ ដែលបានបំពេញលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយទទួលបានសំបុត្រយន្តហោះទៅមក និងការស្នាក់នៅក្នុងសណ្ឋាគារដោយឥតគិតថ្លៃ​ នៅទីក្រុងញូវដេលី៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner