រដ្ឋមន្រ្តីផែនការ៖ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នឹងក្លាយជាមាគ៌ាឆ្ពោះទៅរកកិច្ចការពារសង្គមកាន់តែប្រសើរឡើង
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី ឯកឧត្តម ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានចាត់ទុកថា ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងក្លាយជាមាគ៌ាឆ្ពោះទៅរកការការពារសង្គមកាន់តែប្រសើរ។ការលើកឡើងនេះ ស្របពេលក្រសួងផែនការ បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ឆាយ ថន បានលើកឡើងថា ដោយសារប្រទេសស្ទើរតែទាំងអស់លើពិភពលោក និងកម្ពុជាយើងផង បានរងផលប៉ះពាល់នៃជំងឺកូវីដ១៩ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនានា រួមទាំងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ព្រមទាំងការជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិទៀតនោះ ទើបបានបណ្តាលឱ្យមាននិន្នាការកើនឡើងនូវថ្លៃទំនិញ និងម្ហូបអាហារលើទីផ្សារដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ហេតុនេះឯកឧត្តម ឆាយ ថន បន្តថា ដើម្បីឆ្លើយតបនឹងបរិបទដ៏លំបាកទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់អាទិភាពនៃវិធានការអន្តរាគមន៍ជំនួយសង្គមសំដៅបន្តគាំពារនិងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងគ្រួសារក្រីក្រ និងនិងគ្រួសារងាយរងហានិភ័យ។ ការគាំពារនេះ តាមរយៈការបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតដល់ពេលនេះ និងបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណានេះផងដែរ។
ឯកឧត្តមបន្តថា ដោយឡែកប្រព័ន្ធគ្រប់គ្រងមតិជំទាស់និងសំណូមពរ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះ នឹងក្លាយជាមាគ៌ាឆ្ពោះទៅរកការការពារសង្គមកាន់តែប្រសើរ ព្រោះជាកម្មវិធីដែលអាចកំណត់អត្តសញ្ញាណគ្រួសារក្រីក្រដំបូងគេត្រូវបានរៀបចំនិងអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងផែនការពិតជាមានមោទនភាពខ្លាំងណាស់ ដោយសារទិន្នន័យអត្តសញ្ញាណកម្មគ្រួសារកី ក្រត្រូវបានរាជរដ្ឋាភិបាល នឹងដៃគូអភិវឌ្ឍប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការអន្តរាគមន៍ គាំពារសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ ឬគ្រួសារក្រីក្រ និងក្រុមគោលដៅផ្សេងទៀត។
ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖« បច្ចុប្បន្ននេះតាមរយៈ ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ នៃកម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនេះ គឺមានប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសបាននិងកំពុងទទួលនូវអត្ថប្រយោជន៍កាន់តែច្រើនឡើងៗ ហើយទិន្នន័យដែលប្រមូលបានតាមរយៈប្រព័ន្ធអត្តសញ្ញាណ កម្មគ្រួសារក្រីក្រ ត្រូវបានបង្ហាញឱ្យឃើញពីគុណតម្លៃយ៉ាងសំខាន់មិនត្រឹមតែសម្រាប់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកមានចំណែកពាក់ព័ន្ធដទៃ ជាច្រើនទៀតបានយកទិន្នន័យនេះទៅប្រើជាមូលដ្ឋានសម្រាប់កិច្ចការអន្តរាគមន៍ជំនួយសង្គម ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភាពក្រីក្រ តាមរយៈសកម្មភាពអាទិភាពរបស់ខ្លួនជាច្រើនផងដែរ»។
សូមជម្រាបដែរថា ក្រសួងផែនការ បានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដោយមានចូលរួមពីលោក Justin Wyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា, លោក Jost Kadel លេខាទី១ ស្ថានទូតនៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា តំណាងអង្គការ GIZ, UNDP, UNICEF ព្រមទាំងដៃគូរភាគីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។
លោក Justin Wyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ក៏បានបង្ហាញក្តីរំពឹងថា កម្មវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រនេះ នឹងជួយធានាឱ្យបានគណនេយ្យភាព តម្លាភាព និងពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ក្រសួងបានបង្កើតកម្មវិធីសាធារណៈនៃអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Public IDPoor App) សម្រាប់ដំឡើងលើទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃ និងគេហទំព័រ www.idpoor.gov.kh សម្រាប់សាធារណជនផ្តល់មតិជំទាស់ និងសំណូមពរផ្សេងៗមកក្រុមការងារឃុំ/សង្កាត់ មន្ទីរផែនការរាជធានី/ខេត្ត និងក្រសួងផែនការ៕ ដោយ៖ បូរ ពេជ្រហ្សាលីន