សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅថ្ងៃទី១២ មិថុនា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ចំនួន៣

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ដើមសប្តាហ៍ខាងមុខនេះ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ចំនួនបី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យ និងសម្រេចលើរបៀបវារៈចំនួនបី មានដូចជា៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងក្រមបរិស្ថាន និង ធនធានធម្មជាតិ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណ៏យ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូប- នីយកម្ម និងសំណង់នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ។

៣-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ។ ដោយៈពលជ័យ

ads banner