វៀតណាមរំពឹងថា ការនាំចេញកាហ្វេនឹងឈានដល់ការបំបែកកំណត់ត្រា ខណៈតម្លៃកើនឡើងខ្ពស់

ហាណូយ៖ វៀតណាមរំពឹងថា ការនាំចេញកាហ្វេរបស់ខ្លួននៅឆ្នាំនេះ នឹងឈានដល់កម្រិតខ្ពស់បំផុតថ្មីមួយ ខណៈដែលផលិតកម្មសកលនឹងធ្លាក់ចុះតម្រូវការ ដែលបណ្តាលឱ្យតម្លៃកើនឡើង ចំពេលមានវិបត្តិអាកាសធាតុដែលបង្កឡើងពីបាតុភូត El Nino។

លក្ខខណ្ឌអាកាសធាតុអាក្រក់ ដែលបណ្តាលមកពីបាតុភូត El Nino នឹងជំរុញឱ្យមានការកាត់បន្ថយផលិតកម្មកាហ្វេនៅត្រីមាសទី ៣ ឆ្នាំ ២០២៣នៅវៀតណាម និងឥណ្ឌូនេស៊ី ខណៈដែលប្រទេសទាំងពីរជាអ្នកផលិតកាហ្វេ robusta ដ៏ធំ។ ដោយឡែកក្រុមហ៊ុនផលិតកាហ្វេធំៗផ្សេងទៀតនៅប្រទេសប្រេស៊ីល និងកូឡុំប៊ី ក៏នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួតផងដែរ។

បើតាមអង្គការស្បៀងអាហារ និងកសិកម្ម ប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងប្រេស៊ីល គឺជាអ្នកផលិតកាហ្វេ robusta ច្រើនជាងគេបំផុតលើពិភពលោក។ យ៉ាងណាមិញ ដោយសារតម្លៃកាហ្វេបានកើនឡើងលើការរំពឹងទុកនៃការផ្គត់ផ្គង់សកលនោះ ការនាំចេញកាហ្វេរបស់វៀតណាមក្នុងខែឧសភា បានកើនឡើង ២៨.៥ភាគរយ ដល់ ៤១៨លានដុល្លារ នាំឱ្យប្រាក់ចំណូលពីការនាំចេញសរុបក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ មានជាង ២ពាន់លានដុល្លារ កើនឡើង ១.៣ភាគរយ នេះបើតាមការិយាល័យស្ថិតិទូទៅរបស់វៀតណាម។

យោងតាមទិន្នន័យពីក្រសួងកសិកម្មវៀតណាម បានបង្ហាញថា កាលពីឆ្នាំមុន ប្រទេសវៀតណាមបាននាំចេញកាហ្វេ ១.៧លានតោន រកចំណូលបានខ្ពស់បំផុតរហូតដល់ ៣.៩ពាន់លានដុល្លារ។ ចំណែកសមាគមកាហ្វេ និងកាកាវវៀតណាម បានឱ្យដឹងថា វៀតណាមគឺជាអ្នកផ្គត់ផ្គង់កាហ្វេ robusta ដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងផលិតកម្មដែលមានការកើនឡើងជាលំដាប់ពីប្រហែល ៧៨,០០០តោនក្នុងឆ្នាំ ១៩៩០ ដល់ប្រហែល ១,៨៤លានតោនក្នុងរដូវកាលឆ្នាំ ២០២១-២០២២៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner