កសិដ្ឋានដាំចេក នៅស្រុកស្ទឹងត្រង់ កំពុងបំពេញតម្រូវការមិនទាន់ ស្របពេលដែលទីផ្សារនៅប្រទេសចិនកាន់តែមានកំណើនខ្ពស់

ខេត្តកំពង់ចាម៖ កសិដ្ឋានដាំដំណាំចេកនៅ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាការវិនិយោគរបស់ក្រុមហ៊ុនមកពីប្រទេសចិនបានបង្ហាញពីទីផ្សារចេកកាន់តែមានតម្រូវការខ្ពស់ ស្របពេលដែលកសិដ្ឋានដាំដំណាំចេកមិនអាចផលិតទិន្នផលបានគ្រប់គ្រាន់តាមតម្រូវការនៅឡើយ។

ក្នុងដំណើរទស្សនកិច្ចរវាងបណ្តាញសារព័ត៌មានចិនមកពី People’s Daily និងបណ្តាញសារព័ត៌មានកម្ពុជា ដែលបានចុះបំពេញទស្សនកិច្ចកសិដ្ឋានដាំដំណាំចេកស្ថិតនៅភូមិ មាឃ ឃុំព្រែកកក់ និងភូមិ៣៥ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី ៩ ខែ មិថុនា លោក វូ វ៉ិចហ្សៀង អ្នកគ្រប់គ្រងក្រុមហ៊ុនឡុងហ្សឹងហ្វរហ្វុង ដែលជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើមដាំដំណាំចេកក្នុងឆ្នាំ២០២១ ក្នុងទំហំដីចំនួន ៦០០ហិកតា បានដាំចេកពេញគ្រប់ទីកន្លែងនឹងកំពុងពង្រីកផ្ទៃដីបន្ថែមទៀតដើម្បីតម្រូវការទីផ្សារកាន់តែខ្ពស់ជាបន្តបន្ទាប់ ។

លោកបានបញ្ជាក់ថា៖”ចេកដែលដាំបាននឹងបញ្ចេញលក់ទៅកាន់ទីផ្សារប្រទេសចិន ហើយក្នុងមួយឆ្នាំនាំចេញប្រមាណ ២ពាន់កុងទីន័រ ឬប្រមាណ ៤ម៉ឺនតោន” ។

លោកបានបញ្ជាក់ប្រាប់ថា”ការវិយោគទុនលើការធ្វើកសិដ្ឋាននេះចំណាយថវិកាជាង១២០លានយាន់ ឬប្រមាណ ១៥លានដុល្លារអាមេរិក។ សម្រាប់ក្នុងការវិនិយោគទុននេះដែរគឺបានប្រើប្រាស់បុគ្គលិកចិនចំនួន ២០នាក់ និង បុគ្គលិក កម្មករកម្ពុជាជាង ១០០០នាក់ ។

លោកបានបញ្ជាក់បន្ថែមថា ការដាំចេកនៅតំបន់នេះពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាបន្តបន្ទាប់ ដោយក្នុងនេះយ៉ាងហោចណាស់ការកាប់ចេកក្នុងមួយថ្ងៃបានប្រមាណ ១០០តោនដើម្បីធ្វើការវេចខ្ចប់ទៅកាន់ទីផ្សារប្រទេសចិន។សម្រាប់ចេកនេះដែរជាចេកអំបូងព៌ណលឿងមកពីប្រទេសប្រេស៊ីល ដែលគេពេញនិយមលក់តាមផ្សារទំនើបធំៗនិងពិសេសការលក់នៅទីក្រុងប៉េងកាំងតែម្តង ។

ដោយឡែកទាក់ទិនក្នុងការបំពេញការងារក្នុងកសិដ្ឋានដាំចេកកន្លែងនេះ អ្នកស្រី ឃឿនស្រី ដែលកំពុងវេចខ្ចប់ចេកដើម្បីបញ្ជូនទៅកាន់ទីផ្សារបានប្រាប់ឱ្យដឹងថា អ្នកស្រីសប្បាយចិត្តដែលបានធ្វើការនៅក្បែរផ្ទះពិសេសការវិនិយោគបរទេស ។ អ្នកស្រីអាចរកប្រាក់ឈ្នួលតាមរយៈធ្វើការបានយ៉ាងងាយស្រួល ហើយជាការងារប្រភេទស្រាលៗថែមទៀត។

ដោយឡែក លោក បូរីចាន់ ជាអ្នករៀបចំទុកដាក់ចេក និងវេចខ្ចប់ចេកនេះដែរបានប្រាប់ថាទីផ្សារការងារកន្លែងលោករស់នៅសម្បូរច្រើន និង ពិសេសប្រាក់ឈ្នួលខ្ពស់គួរសមអាចផ្គត់ផ្គង់គ្រួសារបានល្អប្រសើរ។

លោក មី ងី បានឱ្យដឹងដែរថា ការងារទីកន្លែងនេះបើប្រៀបធៀបធ្វើសំណង់គឺជាការងារស្រាល ហើយបានប្រាក់ឈ្នួលខ្ពស់ថែមទៀត ។ លោកស្រឡាញ់ការងារក្បែរផ្ទះ ហើយប្រាក់ឈ្នួលក៏អាចចិញ្ចឹមគ្រួសាររស់ស្រួល ។

ក្នុងពេលកំពុងចុះថែទាំដំណាំចេក លោក ចិន សុផាត ដែលមានវ័យ ៦០ឆ្នាំទៅហើយបានប្រាប់ថា ការងារនៅក្បែរផ្ទះសម្បែង គឺជាការងារល្អបំផុត ហើយយើងមិនចាំបាច់ចេញទៅធ្វើការក្រៅប្រទេសនាំតែប្រឈមបញ្ហាច្រើនឡើយ។សម្រាប់លោកមានបងប្អូន និង ក្មួយ ៣ ទៅ ៤គ្រួសារ កំពុងធ្វើការនៅក្រុមហ៊ុនដាំចេកដែលវិនិយោគដោយប្រទេសចិនមួយកន្លែងនេះផងដែរ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល ១១ខែ ឆ្នាំ២០២២កន្លងមក កម្ពុជានាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៣៤៥,៤៧០តោន ។ ដោយឡែកការនាំចេញផ្លែចេកស្រស់ ក្នុងដើមឆ្នាំ២០២៣នេះ មានកំណើនល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ ។ ជាក់ស្ដែងការនាំចេញផ្លែកចេកស្រស់ ក្នុងខែមករា មានជាង ២ម៉ឺនតោន ហើយខែកុម្ភៈមានជិត ៦ម៉ឺនតោន ការកើនឡើងនេះ ដោយសារតែ ការបើកសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩របស់ប្រទេសចិន ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner