ឡាវរំពឹងស្រូបទាញភ្ញៀវទេសចរច្រើន បន្ទាប់ពីបើកដំណើរការព្រលានយន្តហោះថ្មី
វៀងចន្ទន៍៖ វិស័យទេសចរណ៍របស់ប្រទេសឡាវកំពុងស្ទុះងើបឡើងវិញនៅក្នុងខេត្ត ហូផាន ដោយមានទាំងភ្ញៀវជាតិ និងភ្ញៀវបរទេសមកតំបន់ដាច់ស្រយាលភាគខាងជើង ចាប់តាំងពីព្រលានយន្តហោះ ណុង ខាង បានបើកដំណើរការនៅក្នុងស្រុក សាំណឿ កាលពីខែមុន។
អនុប្រធានមន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្ត ហូផាន លោក ភូវ៉ាន់ ភេតមីសាយ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឡាវថា ភ្ញៀវទេសចរជាច្រើនបានមកលេងកំសាន្តខេត្ត ហូផាន កើនឡើងច្រើនជាងបណ្តាឆ្នាំមុនៗ ពីព្រោះពេលនេះ ការធ្វើដំណើរមានភាពងាយស្រួលជាងមុន។
លោកថា កាលពីអតីតកាល ការធ្វើដំណើរមកកាន់ខេត្ត ហូផាន ត្រូវចំណាយពេលច្រើន ព្រោះផ្លូវឆ្ងាយ និងជាដីភ្នំពិបាកបើកបរ ប៉ុន្តែព្រលានយន្តហោះថ្មីបានធ្វើឱ្យខេត្តមួយនេះ មានភាពងាយស្រួលសម្រាប់អ្នកដែលចង់ធ្វើដំណើរពីទីក្រុងវៀងចន្ទន៍។
ខេត្ត ហូផាន មានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសឡាវ មានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ ពីទីក្រុងវៀងចន្ទន៍ និងមានកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន។ខេត្តនេះមានភាពល្បីល្បាញដោយសារទស្សនីយ៍ភាពទឹកធ្លាក់ដ៏គួរឱ្យទាក់ទាញ រួមមាន សា ឡឺរី, ថេដលូន និង ផាវ៉ាង ក៏ដូចជារូងភ្នំ ថាម ហាង និងទឹកជ្រោះ ហ៊ីម និង ណាម មឿង ក៏ដូចជាតំបន់បុរាណវិទ្យា ហីនតាង និងតំបន់ការពារជាតិ ណាំ អេតភូលៃ៕ ប្រភព៖ Vientiane Times ប្រែសម្រួលដោយ៖ ឈឹម ទីណា





