សម្តេចតេជោ ហ៊ុន សែន ព្រមានមន្រ្តីបក្សភ្លើងទៀនមួយរូប ដែលវាយប្រហាររិះគន់លើការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានព្រមានមន្រ្តីគណបក្សភ្លើងទៀន មួយរូប ឈ្មោះ សឡុងដេត ជាកូនចៅរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ បន្ទាប់ពីបុគ្គលរូបនេះប្រជុំសម្ងាត់ជាមួយក្រុមប្រឹក្សារបស់ខ្លួនមហើយយករឿងរាជរដ្ឋាភិបាល មិនយកលុយពីការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មករិះគន់។
សម្ដេចតេជោ បាននិយាយចំឈ្មោះទៅលើមន្ត្រីគណបក្សប្រឆាំងមួយរូបលោក ស ឡុងដេត ដែលបានវាយប្រហារលើការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមទាំងមានបំណងក្នុងការបែងចែកគណបក្សនយោបាយក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ដោយប្រយ័ត្ន កុំព្រហើនចំពោះការចង់បង្កើតឃុំភ្លើងទៀន។
សម្ដេច ថា សម្ដេចបានតាមដានដឹងទាំងអស់ នៅកិច្ចប្រជុំដែលរៀបចំដោយលោក ស ឡុងដេត កាលពីយប់មិញ ដែលបានរិះគន់ការរៀបចំស៊ីហ្គេមរបស់កម្ពុជា ដោយរដ្ឋាភិបាលចំណាយស្ទើរតែទាំងអស់ទៅលើការរៀបចំនេះ ជាពិសេសគឺមិនបានយកថ្លៃស្នាក់នៅពីកីឡាករដែលចូលរួមប្រកួត និងសំបុត្រសម្រាប់ចូលទស្សនាថែមទៀត។
សម្ដេចបន្តថា៖ ស ឡុងដេត ឯងត្រូវចាំណា ត្រូវចាំឱ្យច្បាស់ក្មួយ។ កុំថា ហ៊ុន សែន មិនដឹងឱ្យសោះ យប់មិញឯង ប្រជុំយ៉ាងណាជាមួយក្រុមប្រឹក្សាឃុំសង្កាត់។ សម្ដេចតេជោ បញ្ជាក់ច្បាស់ថា អត់មានឱ្យបង្កើត ការបែងចែកឃុំ-សង្កាត់ រវាងបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជាទេ។ សម្ដេចបានព្រមានចាត់វិធានការផ្លូវច្បាប់លើលោក ស ឡុងដេត ផងដែរ ដោយថា មានជាប់ទាក់ទងជាមួយនឹងទណ្ឌិតក្បត់ជាតិសមរង្ស៊ី។ សម្ដេចថ្លែងសង្កត់ថា៖ នគរបាល ទៅការពារអា ស ឡុងដេត ផង ក្រែងលោអាណាគេទៅបាញ់វាងាប់ទៅវាខុស ហ៊ុន សែន ទៀត។
សម្ដេចតេជោ ក៏ព្រមានទៅដល់បុគ្គលផ្សេងទៀតដែលជាប់ទាក់ទងជាមួយនឹងទណ្ឌិត សម រង្ស៊ី ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនលើកលែងអោយនរណាក៏ដោយ ដែលនៅជាប់ទំនាក់ទំនងជាមួយទណ្ឌិតក្បត់ជាតិបីជំនាន់ តែសម្តេចនៅតែប្រកាន់ជំហរលើកលែងទោសដល់នរណាក៏ដោយ ដែលផ្តាច់ខ្លួនចេញពីទណ្ឌិតក្បត់ជាតិបីជំនាន់ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




