សម្តេចតេជោ ហ៊ុន សែន៖ ជំនួបជាមួយកម្មករនិយោជិត ពិតជាមានប្រសិទ្ធភាពចំពោះគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ

កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បេសកកម្មជំនួបជាមួយកម្មករនិយោជិត ក្នុងគោលបំណងពិនិត្យមើលចាប់តាំងពីបញ្ហាតូចរហូតដល់បញ្ហាធំ ដើម្បីដោះស្រាយជូនដល់កម្មករ-កម្មការិនី ឱ្យបានទាន់ពេលវេលា ។

សម្ដេចបន្តថា ជំនួបជាមួយកម្មករនិយោជិតនេះ ពិតជាមានប្រសិទ្ធភាពចំពោះគោលនយោបាយ និងក្របខណ្ឌគតិយុត្តិ ដែលរាជរដ្ឋាភិបាល បានដាក់ចេញនាពេលកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងរៀបចំខ្សែវីដេអូមួយ ហើយនឹងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបកអាក្រាតពីទង្វើទុច្ចរិតរបស់មេដឹកនាំនយោបាយកំពុងរត់ចោលស្រុកម្នាក់ ដែលបានបោកប្រាស់អាជ្ញាធរបារាំង។

ជាមួយគ្នានេះ សម្តេចតេជោ បានបន្តសួរសុខទុក្ខដល់កម្មករ-កម្មការិនីទាំងអស់ទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសុខទុក្ខនៅក្នុងក្រុមគ្រួសារ ជាពិសេស កម្មការិនីមានផ្ទៃពោះ ដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភបន្ថែម ពីម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ក៏បានយកឱកាសនេះប្រកាសបន្ថែមដល់គ្រប់រោងចក្រ សហគ្រាសទាំងអស់ដែលមានជនមានពិការភាព ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទី ដូចស្រ្ដីមានផ្ទៃពោះដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានកំពុងធ្វើការទាក់ទងដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តបញ្ជាក់ពីតម្លៃនៃសន្ដិភាព។ សន្ដិភាព គឺពិតជាលំបាកក្នុងការស្វែងរកខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗនៅលើភិភពលោក ខណៈបច្ចុប្បន្នប្រទេសមួយចំនួន កំពុងរងគ្រោះព្រោះសង្គ្រាមបង្ហូឈាម ប្រជាពលរដ្ឋស្លាប់ ចំណាកស្រុក កុមារកំព្រាជាច្រើនកំពុងរងទុក ហើយហេដ្ឋារចនាសម្ព័ន្ធនានា ដែលខិតខំកសាងក៏ត្រូវបានបំផ្លាញអស់។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ១៦.២៧២នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រលីន វេន ជី សាន់បូ អេនធើប្រាយ ( LIN WEN CHIH SUN BOW ENTER PRISE) ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner