អភិបាលរងរាជធានីភ្នំពេញ៖ ប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន កាត់បន្ថយបាននូវភាពក្រីក្រ ធ្វើឲ្យកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស កាត់បន្ថយបាននូវភាពក្រីក្រនិងបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិថែមទៀត។

ក្នុងដំណាក់កាលចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យកម្ពុជា សម្រេចបាននូវលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ប្រទេសជាតិ និងប្រជាជន ដោយបានធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងយ៉ាងរន្ទឺនៅលើឆាកអន្តរជាតិ។

នេះជាការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យនិងជាប្រធានក្រុមការងារចុះជួយ សង្កាត់ស្ទឹងមានជ័យទី៣ ក្នុងឱកាសដែល លោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយគ្រួសារបក្សចំនួន ៥១១គ្រួសារបក្ស ស្មើនឹងសមាជិកបក្សចំនួន ២០៨២នាក់ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម នួន ផារ័ត្ន ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបោះឆ្នោតដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្រាប់រាជធានីភ្នំពេញមានប្រជាពលរដ្ឋមានឈ្មោះទៅបោះឆ្នោតចំនួន៩៦ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៧១ម៉ឺននាក់ លោកសូមអោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ៕ ដោយ ហេង សម្បត្តិ

