ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារ ជាមួយ មន្រ្តីជាន់ខ្ពស់ក្រសួង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន នៃសាធារណរដ្ឋ កូរ៉េ
ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ (ក.ប.ទ.) បាន អនុញ្ញាត ឱ្យ លោក Kim Jongkap អគ្គនាយកមជ្ឈមណ្ឌល គាំទ្រធុរកិច្ចថ្មីឌីជីថល Born2Global និង សហការី ជួប សម្ដែង ការ គួរសម និង ពិភាក្សា ការងារនារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។

លោក Kim Jongkap បាន ថ្លែង អំណរគុណឯកឧត្ដមរដ្ឋមន្ត្រី ដែល បាន អនុញ្ញាត ឱ្យ ក្រុមការងារមជ្ឈមណ្ឌល Born2Global ស្វែងយល់កាន់តែច្បាស់អំពីសន្ទុះរីកចម្រើន នៃ ធុរកិច្ច ថ្មី ឌីជីថលនៅ កម្ពុជា និង បាន លើកឡើង អំពី គោលបំណង ក្នុង ការ ជំរុញ កិច្ចសហការ រវាង ក្រុមហ៊ុន បច្ចេកវិទ្យា ឌីជីថល កូរ៉េ និងធុរកិច្ច ថ្មីនិង ក្រុមហ៊ុន បច្ចេកវិទ្យា ឌីជីថល នៅ កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការងារ និងសមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាន, ការលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាតាមរយៈដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រេីន, ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍, ការដាក់ចេញកម្មវិធីប្រកួតប្រជែងពានរង្វាន់ឌីជីថលកម្ពុជាប្រចាំឆ្នាំ ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះស្មារតីសហការរបស់ភាគីកូរ៉េ នឹងរំពឹងថាកិច្ចសហការរវាងស្ថាប័នទាំងពីរនឹងជួយជំរុញដល់ការគាំទ្រធុរកិច្ច និង អភិវឌ្ឍ វិស័យ ឌីជីថលនៅ ក្នុង ព្រះ រាជាណាចក្រ កម្ពុជា ៕ ដោយ ៖ ង៉ាន់ ទិត្យ


