លោក ពូទីន៖ រុស្ស៊ីនឹងដាក់ពង្រាយនុយក្លេអ៊ែរនៅបេឡារុស ក្នុងខែកក្កដា
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រនេះ បានប្រាប់សមភាគីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ ថា រុស្ស៊ីនឹងដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅលើទឹកដីប្រទេសបេឡារុស នៅក្នុងខែកក្កដាខាងមុខនេះ។

កំលុងកិច្ចសន្ទនានៅឯរមណីយដ្ឋានសមុទ្រខ្មៅក្នុងទីក្រុងសូឈី ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ ថា ដូចដែលអ្នកបានដឹងហើយថា នៅថ្ងៃទី០៧ និង០៨ ខែកក្កដា ការរៀបចំសម្ភារៈពាក់ព័ន្ធនឹងត្រូវបានបញ្ចប់ ហើយយើងនឹងចាប់ផ្តើមភ្លាមៗនូវសកម្មភាពទាក់ទិននឹងការដាក់ពង្រាយអាវុធប្រភេទសមស្របនៅលើទឹកដីរបស់បេឡារុស។
ដូច្នេះអ្វីៗដំណើរការទៅតាមការគ្រោងទុក ហើយអ្វីៗមានស្ថិរភាព។

សូមរម្លឹកផងដែរថា កាលពីខែមីនាឆ្នាំនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា តបតាមសំណើរបស់បេឡារុស ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីរបស់បេឡារុស ដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិកបានធ្វើនៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ពួកគេ។ លោក ពូទីន បន្ថែមថា ការសាងសង់កន្លែងផ្ទុកពិសេស សម្រាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅលើទឹកដីបេឡារុសនឹងបញ្ចប់នៅខែកក្កដាខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា


