អង្គការណាតូនឹងធ្វើសមយុទ្ធដែនអាកាសដ៏ធំបំផុតមិនធ្លាប់មាននៅសប្តាហ៍ក្រោយ

ប៊ែរឡាំង៖ វីដេអូមួយបានបង្ហាញពីការត្រៀមខ្លួនរបស់កងទ័ពអាកាសអង្គការណាតូ នៅឯមូលដ្ឋានទ័ពអាកាស Jagel មុនពេលសម្ព័ន្ធមិត្តចាប់ផ្តើមសមយុទ្ធទ័ពអាកាសដ៏ធំបំផុតនៅអឺរ៉ុបក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

កងទ័ពអាកាសអាល្លឺម៉ង់មួយរូបបាននិយាយថា សមយុទ្ធកងទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីការបង្កើតអង្គការណាតូនេះ បានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើម ហើយថា សមយុទ្ធនេះមានការចូលរួមពីប្រទេសសរុបចំនួន២៥។

សមយុទ្ធកងទ័ពអាកាសដ៏ធំនេះ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា ពោលគឺថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដោយមានយន្តហោះចូលរួមសរុប២៥០គ្រឿង ក្នុងនោះ១៩០គ្រឿងជាយន្តហោះចម្បាំង។ កងទ័ពអាកាសអាល្លឺម៉ង់មួយរូបទៀត បាននិយាយយ៉ាងដូច្នេះថា ការធ្វើសមយុទ្ធនេះ គឺជារឿងសំខាន់ ដើម្បីបង្ហាញថា អង្គការណាតូ គឺជាសម្ព័ន្ធមិត្តការពារដ៏ធំបំផុតរបស់ពិភពលោក។

ទោះបីជាយ៉ាងណា សមយុទ្ធកងទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មាននេះ មិនមែនជាការបញ្ជូនសញ្ញា ដើម្បីប្រឆាំងនឹងប្រទេសណាមួយនោះទេ។ ប៉ុន្តែមានសញ្ញាមួយសម្រាប់ពួកយើង ប្រទេសសមាជិកណាតូត្រូវដឹងថា យើងស្ថិតនៅក្នុងទីតាំងមួយ ដើម្បីបញ្ចេញប្រតិកម្មតបតយ៉ាងឆាប់រហ័ស ជាពិសេសកងទ័ពអាកាសរបស់យើង។

កងទ័ពអាកាសអាល្លឺម៉ង់ បានបង្ហើបឱ្យដឹងទៀតថា កំលុងសមយុទ្ធខាងលើ ពួកយើងនឹងមានការហ្វឹកហាត់ជាច្រើន មានដូចជាការប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីលគ្រូស (Cruise Missiles)ជាដើម។ យើងមានសេណារីយ៉ូមួយ នោះគឺការការពារទីក្រុង អាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏មានមូលដ្ឋានទ័ពអាកាសមួយ ដែលពួកយើងនឹងធ្វើជាទីតាំងហាត់ហ្វឹកហ្វឺន ដើម្បីសម្តែងជាការជម្លៀសខ្លួនប្រជាពលរដ្ឋផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner