សម្តេចតេជោ ហ៊ុន សែន ចាត់ទុកជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាស្នាដៃជាតិខ្មែទាំងមូល

កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជោគជ័យព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាស្នាដៃជាតិខ្មែទាំងមូល ដែលនឹងធ្វើឲ្យកូនចៅជំនាន់ក្រោយ និយាយថា ដូនតាយើងធ្វើម្ចាស់ផ្ទះ មិនយកលុយអ្នកណាមួយរៀល។

តាមរយៈភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ នៃព្រឹត្តិការណ៍ទាំង២នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសផ្ញើលទ្ធផលនៃជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ ជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍ថា៖ ខ្ញុំសុំយកវេទិកានេះ ផ្ញើជូននូវសមិទ្ធផលទាំងអស់នៃស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជូនប្រជាពលរដ្ឋទាំងអស់ នេះគឺជាស្នាដៃរបស់ជាតិខ្មែរទាំងមូលតែម្តង។

សម្តេចបន្ថែមថា ពិតមែនតែឈ្មោះសម្តេច ជាមេដឹកនាំគន្លឹះ ដែលអាចថា មានអំណាចខ្ពស់បំផុត ប៉ុន្តែសម្តេចម្នាក់ឯងធ្វើមិនកើតទេ គឺត្រូវមានយន្តការនៃការធ្វើដូចជាប្រធានគណៈកម្មាធិការដឹកនាំការប្រកួត ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀប ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ រួមទាំងក្រុមការងារ និងអ្នកពាក់ព័ន្ធជាច្រើនផ្សេងទៀត ហើយក៏មានយុវជនរាប់ពាន់នាក់ចូលរួម ទើបទទួលបានជោគជ័យដូចនេះ។

សម្តេចតេជោ បន្តថា ជាក់ស្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ មានយុវជនចូលរួមប្រមាណ ៧ពាន់នាក់ ហើយក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ មានយុវជនចូលរួមហែរក្បួនប្រមាណ ២ពាន់នាក់ និងមានយុវជនផ្សេងៗជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាកេរ្តិ៍ឈ្មោះប្រវត្តិសាស្ត្រដែលទុកឱ្យកូនចៅជំនាន់ក្រោយទទួលផល និងបានដឹងថា ដូនតាខ្លួនបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដោយមិនបានយកថវិកាពីប្រទេសណាបន្តិចនោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ១៦.២៧២នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រលីន វេន ជី សាន់បូ អេនធើប្រាយ ( LIN WEN CHIH SUN BOW ENTER PRISE) ។

សូមជម្រាបថា ការប្រកួតស៊ីហ្គេម បានចាប់ផ្តើម នៅថ្ងៃទី ២៩ ខែមេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែ ឧសភា និងបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេម ក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាង ប្រទេស ពី ភ្លើង សង្គ្រាមឡើងវិញ ។

បើទោះបីត្រូវបានរៀបចំឡើងជាលើកដំបូង តែព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្ពស់ ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាស្មារតីកីឡាស៊ីហ្គេម។ ពិសេសការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព លេចធ្លោរ ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ អគ្គិ ជ័យ កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក ថ្លៃ សំបុត្រ ចូល ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ កីឡា ជា ដើម។

ជាមួយគ្នានេះ ព្រឹត្តិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ទាំងស្រុងនៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner