សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យម្ចាស់បុរី រឹបអូសផ្ទះក្រុមប្រឆាំង ដែលញុះញង់ មិនព្រមបង់ថ្លៃផ្ទះ
កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យម្ចាស់បុរីលំនៅដ្ឋាន រឹបអូសផ្ទះរបស់សកម្មជនប្រឆាំង ដែលជឿតាមការញុះញង់របស់មេដឹកនាំពួកគេ ដោយមិនព្រមបង់ថ្លៃផ្ទះ។

សម្ដេចតេជោ បានមានប្រសាសន៍ថា មានករណីមួយចំនួនដែលអ្នកបង់ផ្ទះមិនព្រមបង់ គឺដោយសារតែជឿតាមការញុះញង់របស់មេដឹកនាំបក្សប្រឆាំង ដោយលើកឡើងថា ប្រសិនជាពួកគេជាប់ឆ្នោត គេនឹងដោះស្រាយបំណុលជូនពលរដ្ឋ។

សម្ដេច ថា ករណីនេះ គឺជាករណីដែលគេចវេសអំពីកាតព្វកិច្ចនៃការបង់ថ្លៃ ដូច្នេះសម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការរឹបអូសផ្ទះយកតែម្ដង។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យម្ចាស់បុរីលំនៅដ្ឋាន មានវិធានការរៀបចំឥណទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់ ហើយក្នុងករណីដែលរឹបអូសផ្ទះពីអ្នកទិញរួចហើយ សូមឱ្យពិភាក្សាជាមួយនឹងអ្នកទិញសារជាថ្មីឡើងវិញ។

សម្ដេចក៏បានស្នើឲ្យបញ្ឈប់ករណីរឹបអូសផ្ទះអ្នកទិញជាបន្ទាន់ និងឱ្យស្រង់ទិន្នន័យ នៃករណីរឹបអូសផ្ទះនេះជូនសម្ដេច។ សម្ដេច ក៏បានស្នើទៅដល់អ្នកបង់ផ្ទះ ឱ្យគោរពកាតព្វកិច្ច នៃការបង់ថ្លៃផ្ទះផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ១៦.២៧២នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រលីន វេន ជី សាន់បូ អេនធើប្រាយ ( LIN WEN CHIH SUN BOW ENTER PRISE) ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ