ឯកឧត្តម នេត្រ ភក្ត្រា៖ សម្តេចតេជោ ហ៊ុន សែន គឺជាគំរូដ៏ល្អប្រកបដោយមោទកភាពសម្រាប់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើជាតិនិងប្រជាជន
ខេត្តកំពត៖ «គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំងនិងទទួលបានបោះឆ្នោតគាំទ្រនៅរៀងរាល់ការបោះឆ្នោតដើម្បីបន្តដឹកនាំប្រទេសកម្ពុជាដោយសារតែប្រជាពលរដ្ឋមានជំនឿទុកចិត្តលើថ្នាក់ដឹកនាំគណបក្ស និង គណបក្សប្រជាជនកម្ពុជាផ្ទាល់ព្រោះគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ ដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិនិងប្រជាជន នាំយកសុខសន្តិភាពនិងការអភិវឌ្ឍជូនជាតិពិតប្រាកដតាមរយៈការដាក់ចុះនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវនិងជាក់ស្តែងនិយមឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំបក្សជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាមេដឹកនាំពោរពេញដោយទេពកោសល្យនៃការដឹកនាំ ជាអគ្គមគ្គុទ្ទេសក៍ឯកប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា» ។

នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ អំឡុងពេលចូលជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្ទឹងកែវ ស្រុកទឹកឈូ ដើម្បីពង្រឹងការចុះតាមមូលដ្ឋាន ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

ឯកឧត្តមអនុប្រធានក្រុមការងារបានថ្លែងកោតសរសេរសមាជិក សមាជិកាក្រុមការងារគណបក្ស និងសមាជិកនៃគណៈកម្មាធិការបក្សឃុំស្ទឹងកែវ ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ តស៊ូលះបង់ខ្ពស់ក្នុងការងារពង្រឹងការគាំទ្របក្សនៅថ្នាក់មូលដ្ឋានសំដៅប្រែក្លាយសមាជិកម្នាក់ឱ្យទៅជាសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាមួយសន្លឹកនៅពេលបោះឆ្នោតខាងមុខ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អំពើល្អដែលមន្ត្រីបក្សគ្រប់ជាន់ថ្នាក់បានបម្រើប្រជាពលរដ្ឋយ៉ាងសកម្មដោយមិនគិតពីការនឿយហត់ និងការលំបាកឡើយដើម្បីឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស គឺជាគំរូដ៏ល្អប្រកបដោយមោទកភាពសម្រាប់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើជាតិនិងប្រជាជន។ ឯកឧត្តមបានជំរុញដល់សមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកែវ ត្រូវបង្កើនការយកចិត្តទុកដាក់ និងបង្កើនការបម្រើសេវាតម្រូវការជូនប្រជាពលរដ្ឋមូលដ្ឋាន និងក្តាប់ឱ្យជាប់មូលសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋ និងខិតខំដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ក្រុមការងារនិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានប្តេជ្ញាចិត្តយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខតាមរយៈការបន្តបង្កើនការធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រៀមលក្ខណៈសម្រាប់ការបោញឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តបម្រើជាតិនិងប្រជាពលរដ្ឋ ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍជាតិឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ៕ ដោយ ៖ ង៉ាន់ ទិត្យ