រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ស្នើជប៉ុនពិចារណាលទ្ធភាពក្នុងការសិក្សាស្រាវជ្រាវមួយ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងទាំងពីរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកសំណើរដល់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា សូមឱ្យភាគីជប៉ុនពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងជប៉ុន។ឯកឧត្តមបានស្នើបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី “កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថលរវាងប្រទេសកម្ពុជា និងជប៉ុន” នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

នាពិធីនោះដែរឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីជាផលប្រយោជន៍ នៃអាជីវកម្ម និងការវិនិយោគកម្ពុជា-ជប៉ុន ដោយក្នុងនោះបានស្នើដល់ជប៉ុន ពិចារណាពីលទ្ធភាពនៃការលើកទឹកចិត្តដល់ក្រុមហ៊ុនល្បីៗ ពីប្រទេសជប៉ុនមកបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា ដូចជាក្រុមហ៊ុន Panasonic ក្រុមហ៊ុន Toshiba ក្រុមហ៊ុន Mitsubishi Electric ក្រុមហ៊ុន Yamaha Cooperation។កម្ពុជា និងជប៉ុន គួរតែបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន-ជប៉ុន (AJCEP) និងលើកទឹកចិត្តសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរពិចារណាលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ សហការជាមួយដៃគូ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការកសាងសមត្ថភាព និងលទ្ធភាពទទួលបានហិរញ្ញវត្ថុក្នុងទម្រង់នៃការបោះទុនវិនិយោគ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងទៀតថា កម្ពុជាពិតជាអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេស កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងពហុភាគី អស់រយៈពេល៧០ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងប្រទេសជប៉ុន។

ឯកឧត្តមបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកើនឡើងក្នុងរង្វង់ ៥ភាគរយក្នុងឆ្នាំ២០២២ ហើយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ប្រហែល ៦ភាគរយក្នុងឆ្នាំ២០២៣ និង៧ភាគរយ នៅឆ្នាំ២០២៤ដែលធ្វើឱ្យប្រទេសកម្ពុជានឹងឈានទៅកាន់ “ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប” និងប្តេជ្ញាឈានទៅ “ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់” នៅឆ្នាំ២០៥០ ខាងមុខនេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់បន្ថែមថា«ក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការធ្វើពាណិជ្ជកម្មឌីជីថលរួមមាន ការបង្កើត គេហទំព័រចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មនៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម (MoC) ឬតាមរយៈ CamDX ដែលជាប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តកម្មរួមមួយ ដែលរៀបចំ និងបង្កើតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប្រព័ន្ធស្វ័យប្រវត្តកម្មសំខាន់មួយទៀតគឺ Certificate of Origin Automation ដែលផ្តល់ជូនអ្នកនាំចេញ និងអ្នកផលិត ដើម្បីបង្កើត បញ្ជូន និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់វិញ្ញាបនបត្រនៃប្រភពដើមទំនិញ (CO)»។

ពាក់ព័ន្ធនឹងគោលនយោបាយ និងយុទ្ធសាស្ត្រឯកឧត្តមបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានដឹកនាំបង្កើតយុទ្ធសាស្ត្ររួមមួយ គឺយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) 2019-2023 ដែលបង្ហាញពីការប្រកួតប្រជែង ការធ្វើពិពិធកម្មការនាំចេញ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ ក្រសួងពាណិជ្ជកម្ម បានបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក សំដៅបង្កើតប្រព័ន្ធអេកូស្សីពាណិជ្ជកម្មអេឡិចត្រូនិក ដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នា ដែលអនុញ្ញាតឱ្យវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលើក កម្ពស់ពាណិជ្ជកម្មក្នុងស្រុក និងឆ្លងកាត់ព្រំដែន។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានឈ្មោះថា “Go4eCAM” ដែលមានគោលបំណងគាំទ្រសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល តាមរយៈការបង្កើតទីផ្សារអេឡិចត្រូនិកមួយ មានឈ្មោះថា Cambodiatrade.com សម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម លក់ផលិតផល ដែលផលិតនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងឆ្លងព្រំដែន៕ ដោយ៖ វណ្ណ សុជាតា

ads banner