កម្ពុជា-ជប៉ុន ឯកភាពពិនិត្យលទ្ធភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដើម្បីការពារ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់នៅកម្ពុជា។

ការឯកភាពគ្នានេះធ្វើឡើងតាមរយៈឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកដ្ឋាន ក.ប.ប. តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី អ៊ីយូតាកា អារ៉ៃ(Yutaka ARAI )សមាជិកគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ជប៉ុន (Consumer Affairs Agency) និងសហការី នៅទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៣ ។ នេះបើតាមការចុះផ្សាយរបស់ ក.ប.ប។

ក.ប.ប បានឱ្យដឹងថា ការជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ជប៉ុន នាថ្ងៃនេះគឺមានគោលបំណងជម្រាបជូនភាគីកម្ពុជាអំពីគោលនយោបាយកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ក៏ដូចជាការវិវវត្តស្ថាប័នកិច្ចការពារអ្នកប្រើប្រាស់ជប៉ុននាពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកស្រីប្រធានគណៈប្រតិភូ បានកត់សម្គាល់អំពីសកម្មភាពនៃការវិវត្តយ៉ាងល្អនៃកិច្ចការពារអ្នកប្រើប្រាស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយដ្ឋាន ក.ប.ប. ជាសេនាធិការ។

ក្នុងជំនួបនោះដែរឯកឧត្តម ផាន អូន ក៏បានជម្រាបជូនគណៈប្រតិភូគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ជប៉ុន ថាអគ្គនាយកដ្ឋានជាសេនាធិការរបស់ គណៈកម្មាធិការសំខាន់ៗចំនួនពីរគឺគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលមានទិសដៅក្នុងការការពារ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធ និងអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពពី ក.ប.ប. បានឱ្យដឹងទៀតថា៖«ជាចុងបញ្ចប់ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ និងគណៈកម្មាធិការកិច្ចការការពារអ្នកប្រើប្រាស់ជប៉ុនដែលមានមជ្ឈមណ្ឌលជាតិការពារអ្នកប្រើប្រាស់ជប៉ុនជាលេខាធិការដ្ឋាន»៕ ដោយ៖ សុខ រក្សា

ads banner