ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ទស្សនកិច្ចសិក្សាស្វែងយល់ពីប្រវត្តិស្នាដៃ នៃវីរៈជនអ្នកស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្រ្ត៣ទីតាំង
ភ្នំពេញ៖ ប្រតិភូក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ៤១ក្រសួង-ស្ថាប័ន សរុបចំនួន២៧២នាក់ ដឹកនាំដោយឯកឧត្ដម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកក្រសួង-ស្ថាប័នយុវជនគណបក្សប្រជាជនកម្ពុជាថា្នក់កណ្តាល បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមពីប្រវត្តិស្នាដៃ នៃវីរៈជនអ្នកស្នេហាជាតិ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា នៅវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ, តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X 16) ស្ថិតនៅឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំ និងវិមានឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៣។
ប្រតិភូអញ្ជើញដល់វិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ពីសំណាក់ លោក សុំ ជួន ប្រធានការិល័យគ្រប់គ្រងវិមានអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ និងធ្វើបទបង្ហាញពីវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ជាទីតាំងប្រវត្តិសាស្រ្តកសាងឡើងដើម្បីរំលឹកពីប្រវត្តិស្នាដៃនៃវីរៈជន ស្នេហាជាតិជាច្រើនរូប ដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកបានជម្រាបប្រតិភូថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត បានធ្វើទារុណកម្មបង្អត់អាហារ កាប់សម្លាប់ប្រជាជនខ្លួនឯងយ៉ាងព្រៃផ្សៃ ជាង៣លាននាក់ធ្វើឱ្យប្រជាជនរងទុក្ខវេទនា រួមជាមួយហេដ្ឋារចនាសម្ពន្ធ័សង្គម ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើគ្មានសល់ ។ ដោយមានការឈឺចាប់ ទើបមានកម្លាំងអ្នកស្នេហាជាតិ បានរត់ចូលព្រៃបង្កើតជារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ ដើម្បីវាយរំលំ រំដោះប្រជាជនកម្ពុជា និងប្រទេសជាតិចេញផុតពីរបបប៉ុលពតរហូតទទួលបានជ័យជន្នៈនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩។
នៅពេលរសៀលថ្ងៃដដែល គណៈប្រតិភូ បានបន្តទៅសិក្សាស្វែងយល់និងពិនិត្យមើលសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X 16) ស្ថិតនៅឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំ ជាទីតាំងប្រវត្តិសាស្រ្តនៃដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត របស់សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៍ទុកចិត្ត៤នាក់ បានភៀសខ្លួនទៅវៀតណាម ប្រឈមនិងគ្រោះថ្នាក់រាប់រយជំពូក ចាកចោលប្រពន្ធកូនជាទីស្រលាញ់ យកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកការគាំទ្រជំនួយឧបត្ថម្ភ ការកសាងកម្លាំងប្រដាប់អាវុធកម្ពុជា នៅថ្ងៃទី២០ មិថុនា១៩៧៧ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ។ តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X 16) បានកសាងឡើងនូវសមិទ្ធផលជាច្រើន ក្នុងគោលបំណងចារទុកប្រវត្តិសាស្រ្តសម្រាប់មនុស្សគ្រប់ជំនាន់ ជាពិសេសអប់រំយុវជន និងមនុស្សជំនាន់ក្រោយឱ្យបានដឹង និងចងចាំនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានឆ្លងកាត់នូវសោដនាកម្មដ៍ព្រៃផ្សៃបំផុត ។
លុះព្រឹកឡើងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈប្រតិភូ បានបន្តមកទស្សនាវិមានឈ្នះឈ្នះ ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ពីសំណាក់ឯកឧត្ដម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ។ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបទបង្ហាញពីសំណង់វិមានឈ្នះឈ្នះ បានចាប់ផ្ដើមកសាងឡើងនៅខែកុម្ភៈឆ្នាំ២០១៦ លើទំហំដី៨ហិចតា ដែលជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្រ្គាមដ៍រ៉ាំរ៉ៃជាច្រើនទស្សវត្សរ៍កន្លងមក ហើយវិមាននេះ នឹងក្លាយជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ។
ការស្ថាបនាវិមានឈ្នះឈ្នះ មានគោលដៅសំខាន់ៗរួមមាន៖ រម្លឹកពីសារៈសំខាន់នៃសន្តិភាព សមិទ្ធផលនិងដំណើរការដែលបាននាំឱ្យមានសន្តិភាពតាមគោលនយោបាយឈ្នៈឈ្នៈនិងការបង្រួបបង្រួមជាតិ, បង្កើតមជ្ឈមណ្ឌលមួយដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឱ្យបន្តការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជា និងបន្តអនុវត្តគោលនយោបាយឈ្នៈឈ្នៈរបស់សម្ដេចតេជោសែន និងគុណតម្លៃក្នុងការធ្វើសមាហរណកម្មក្នុងដំណើរការកសាងដឹកនាំ និងអភិវឌ្ឍប្រទេសនាពេលអនាគត, បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌និងស្ថាបត្យករខ្មែរតាមរចនាបទសិល្បៈនិមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដើម្បីឱ្យប្រជាជនគ្រប់ជំនាន់បានឈ្វេងយល់ និងបង្កើតគោលដៅទេសចរណ៍មួយ នៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ក៍ដូចជាគោលដៅសម្រាប់ទស្សនកិច្ចសិក្សាស្រាវជ្រាវនានា៕ ដោយ វណ្ណលុក




