អ្នកពន្លត់អគ្គីភ័យបារាំងត្រៀមខ្លួនប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏អាក្រក់នៅកាណាដា
កេប៊ិច៖ ភ្លើងឆេះព្រៃថ្មីៗ និង កាន់តែមានសន្ទុះខ្លាំងឡើង កំពុងបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់នៅទូទាំងកាណាដា នៅពេលប្រទេសនេះកំពុងតស៊ូនឹងភ្លើងឆេះព្រៃ ដែលហួសពីការគ្រប់គ្រងបាន។
ពីរថ្ងៃបន្ទាប់ពីមកដល់ខេត្តកេប៊ិច ដើម្បីជួយសហសេវិកកាណាដា ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃជាប្រវត្តិសាស្ត្រ ដែលកំពុងដុតបំផ្លាញប្រទេសកាណាដានោះ អ្នកពន្លត់អគ្គីភ័យការពារជនស៊ីវិលបារាំង និងបុគ្គលិកជួយសង្គ្រោះកំពុងធ្វើការលើការរៀបចំប្រតិបត្តិការរបស់ពួកគេ។
លោក Fabrice Mossé ដែលជាប្រធានផ្នែកប្រតិបត្តិការសម្រាប់ក្រុមភាគខាងត្បូងដែលបានបញ្ជូនទៅកាន់ខេត្តកេប៊ិច បាននិយាយថា នេះគឺជាដំណាក់កាលសំខាន់ ដូច្នេះការរៀបចំជាមុន គឺជារឿងចាំបាច់មិនអាចខ្វះបាន និងជៀសមិនរួច។
លោកថា ភាពខុសគ្នាទាំងលក្ខណៈសណ្ឋានដី និងរុក្ខជាតិ នឹងផ្តល់ឱ្យពួកយើងនូវការយល់ដឹងកាន់តែច្បាស់អំពីបាតុភូតភ្លើងឆេះព្រៃ ហើយយើងពិតជានឹងមានមតិកែលម្អមួយចំនួន ដើម្បីយកត្រឡប់ទៅផ្ទះវិញ ទៅប្រទេសបារាំងក្នុងរយៈពេលពីរ ឬបីសប្តាហ៍ទៀត។
រដ្ឋមន្ត្រីសន្តិសុខសាធារណៈខេត្តកេប៊ិច លោក Francois Bonnardel បាននិយាយថា ស្ថានភាពនៅភាគកណ្តាល និងភាគពាយ័ព្យនៃខេត្តនេះនៅតែមានភាពលំបាក ដោយទីក្រុងជាច្រើនត្រូវបានគំរាមកំហែង។ លោកថា នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ខេត្តកេបិច ក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដែលយើងគិតថា អាចនឹងអូសបន្លាយពេលពេញមួយរដូវក្តៅ។
គិតមកទល់ពេលនេះ មនុស្សប្រមាណ ១៤,០០០នាក់ត្រូវបានជម្លៀសចេញពីភ្លើងឆេះព្រៃនៅខេត្តកេប៊ិច នៅពេលដែលអាជ្ញាធរបរិស្ថានបានអោយដឹងថា មានភ្លើងឆេះព្រៃសកម្មចំនួន ៤១៦ ក្នុងនោះមានតែ ២០៣ ប៉ុណ្ណោះដែលអាចគ្រប់គ្របបាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

