សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុប្រគេនសម្តេចសង្ឃ-ព្រះសង្ឃគង់នៅវត្តចំពុះក្អែក និងវត្តក្រពើហា
ខេត្តកណ្តាល ៖ ជារៀងរាល់ឆ្នាំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ចំពោះព្រះសង្ឃ សាមណសង្ឃ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះក្អែក ស្ថិតក្នុងវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក) និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា ដែលស្ថិតក្នុងវត្តប្រជុំនទី (ហៅក្រពើហា) ហើយដែលបច្ចុប្បន្ននេះ សាមណសង្ឃ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី មាន ២៣៥អង្គ និងនៅពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា មាន ២៣១អង្គ។
ជាក់ស្តែងដើម្បីព្រះសង្ឃ និងសាមណសង្ឃ មានចង្ហាន់គ្រប់គ្រាន់ និងក្នុងឱកាសចូលព្រះវស្សាឆាប់ៗខាងមុខផងនោះ នៅថ្ងៃអាទិត្យ ទី ១១ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ និងសហការី អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខា និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះ សម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ (ហៅចំពុះក្អែក) ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងប្រគេន ព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកជំទាវកិត្តិបណ្ឌិត បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសុខុមាលភាពចំពោះព្រះសង្ឃគ្រប់ៗព្រះអង្គ។ ជាមួយគ្នានេះ លោកជំទាវកិត្តិបណ្ឌិត បានមានប្រសាសន៍ថា «វត្តចំពុះក្អែក និងវត្តក្រពើហា មិនត្រឹមតែជាទីគោរពសក្ការៈសម្រាប់ពុទ្ធបរិស័ទគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងជាថ្នាលបណ្តុះបណ្តាលពុទ្ធិដល់សាមណសង្ឃទាំងអស់ ជាពិសេសបានជ្រួតជ្រាប យល់ដឹង និងផ្សព្វផ្សាយពីតម្លៃនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិផង»។
ក្នុងឱកាសនោះដែរ សម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង និងព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា។
សម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង និងព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន មានសុខដុមរមនីកម្មសាសនា ជាតិសាសន៍ ក្រោមដំបូលនៃសុខសន្តិភាព។
ជាមួយគ្នានេះ សម្តេចព្រះពោធិ៍វ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង និងព្រះសិរីវិសុទ្ធិ វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យរក្សាបាននូវភាពសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។
ទន្ទឹមនឹងនេះ សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សូមបញ្ជាក់ថា ទេយ្យវត្ថុប្រគេនវត្តនីមួយៗរួមមាន៖ មី ៥០កេសតូច, ត្រីខ ៥កេស, ទឹកស៊ីអ៊ីវ ១០ឡូ, ទឹកត្រី ១០ឡូ, ទឹកក្រូច ១០កេស, ទឹកសណ្តែក ១០កេស, មៀនកំប៉ុន ២កេស, ទឹកបរិសុទ្ធអារុណា ១០កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, ស្ករស ២៥គីឡូក្រាម, តែ ៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, អង្ករ និងបច្ច័យមួយចំនួន។ ប្រគេនព្រះចៅអធិការវត្ត នូវ សាដក ១ និងបច្ច័យ ២លានរៀល។ ប្រគេនព្រះសង្ឃ ៤អង្គ ក្នុងមួយអង្គៗ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល៕ ដោយ / គ្រី សម្បត្តិ




