ភូមិតានន ដែលជា ភូមិមិត្តភាពកម្ពុជា-ចិន ទទួលបានការប្រែមុខមាត់ថ្មី និងពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ

ខេត្តតាកែវ ៖ ភូមិមិត្តភាពកម្ពុជា-ចិន ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ ត្រូវបានបង្កើតឡើង ដើម្បីជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរស់នៅទីដាច់ស្រយាលមួយកន្លែងនេះ ឱ្យផ្លាស់ប្តូរមុខមាត់ថ្មីជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គម្រោងភូមិគំរូមិត្តភាពចិន និងកម្ពុជា ដែលរៀបចំដោយមូលនិធិរបស់ចិន គឺសម្រាប់ការកាត់បន្ថយភាពក្រីក្រ ដោយក្នុងនេះបានស្តាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្លល់ ទឹក ភ្លើង ដែលជួយសម្រួលឱ្យពលរដ្ឋអាចធ្វើដំណើរ និងការរស់នៅមានភាពល្អប្រសើរទាំងចេញទៅខាងក្រៅ និង អ្នកខាងក្រៅទំនាក់ទំនងចូលមកកាន់ក្នុងភូមិនេះដែលជួយឱ្យពួកគាត់អាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ។

ក្នុងដំណើរទស្សនកិច្ចរវាងបណ្តាញសារព័ត៌មានចិនមកពី People’s Daily និងបណ្តាញសារព័ត៌មានកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែ មិថុនាឆ្នាំ២០២៣ លោក ប៉ាង សាមឌី ប្រធានភូមិ តានន បានឱ្យដឹងថា៖ ភូមិតាននមានប្រជាជន ១២៧គ្រួសារ សរុបស្មើនឹង ៦១៦នាក់ គិតជាខ្នងផ្ទះមានចំនួន ១០៧ខ្នងផ្ទះ។ ចាប់ពីខែមករា ឆ្នាំ២០២១មក ភូមិនេះបានអនុវត្តនូវគម្រោងអាទិភាពនៃមូលនិធិចិនរួមមាន ៖ គម្រោងទឹកស្អាត ដែលបានប្រើប្រាស់តាំងពីខែកញ្ញា ឆ្នាំ២០២១, គម្រោងផ្លូវបេតុងក្នុងភូមិប្រវែង ៤៥២ម៉ែត្រ,ប្រឡាយទឹកអមសងខាងផ្លូវបេតុងប្រវែងបណ្តោយ ៩០៤ម៉ែត្រ និងទទឹង ៧០សង់ទីម៉ែត្រ, អំពូលដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម។

លោក ខៀវ សុផល អភិបាលរង ស្រុកបាទី បានបញ្ជាក់ប្រាប់ថា នៅភូមិតានន បានទទួលការអភិវឌ្ឍន៍គម្រោងសំខាន់ៗចំនួន៤ គឺ ផ្លូវ ទឹក អគ្គិសនី និងការងារ ។ សម្រាប់ទីកន្លែងនេះកាលពីមុនអភិវឌ្ឍន៍យើងជួបការលំបាកបញ្ហាទឹក តែក្រោយជំនួយឧបត្ថម្ភពីប្រទេសចិនយើងបានបង្កើតស្ថានីយ៍ទឹកមួយកន្លែងដែលមានទំហំដី ៦០ម៉ែត្របួនជ្រុង ជម្រៅ ៨ម៉ែត្រធ្វើឱ្យបច្ចុប្បន្នប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

លោកបានបញ្ជាក់ថា សម្រាប់វិស័យការងារវិញពលរដ្ឋមិនថានៅភូមិតាននឬឃុំដូងទេគឺមួយចំនួនធំធ្វើការងារនៅរោងចក្រ ហើយភាគច្រើនជារោងចក្រមកពីប្រទេសចិន ។ តាមរយៈការងារនេះដែរធ្វើឱ្យពួកគាត់អាចផ្គត់ផ្គង់ជីវភាពកាន់តែប្រសើរជាងមុន។

លោកបានឱ្យដឹងដែរថា ”នៅភូមិតានននេះយើងមានរ៉ឺម៉កចំនួន២ ដែលជាអំណោយរបស់ចិនធ្វើឱ្យពួកគាត់អាចប្រើប្រាស់រ៉ឺម៉កនេះទៅធ្វើការងារដែលធ្វើឱ្យមិនសូវចំណាថវិការក្នុងការធ្វើដំណើរថែមទៀត” ។

គួរបញ្ជាក់ថា ក្រោមជំនួយឧបត្ថម្ភនេះ ចំណងមិត្តភាពចិន បានជួយកសាងផ្លូវថ្នល់ ផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋក្នុងភូមិ កែលម្អរ ស្ថានភាព នៃវិស័យអប់រំ និងសុខាភិបាល និងអភិវឌ្ឍន៍គម្រោងជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិ មានដូចជា ការចិញ្ចឹមសត្វ បង្កើតវគ្គបណ្ដុះបណ្ដាលបច្ចេកទេស កែលម្អបរិស្ថានសាធារណ ក្នុងភូមិជាដើម ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner