ប្រទេសហុងឌូរ៉ាស បើកស្ថានទូតនៅប្រទេសចិន បន្ទាប់ពីផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់
ប៉េកាំង៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសហុងឌូរ៉ាសបានបើកស្ថានទូតរបស់ខ្លួននៅទីក្រុងប៉េកាំងជាផ្លូវការ នេះបើយោ ងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ ប្រភពដដែលបានរាយការណ៍ថា ការបើកស្ថានទូតរបស់ប្រទេសហុងឌូរ៉ាសនេះ ធ្វើឡើងប៉ុន្មានខែបន្ទាប់ពីប្រទេសស្ថិតនៅ តំបន់អាមេរិកកណ្តាលមួយនេះ បានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បីកសាងទំនាក់ទំនងជាមួយប្រទេ ស ចិនជំនួសវិញ។
ប៉ុស្ដិ៍ទូរទស្សន៍ CCTV ផ្លូវការរបស់ប្រទេសចិន បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង (Qin Gang) និងសមភាគីហុងឌូរ៉ាស លោក អេរីក រ៉េណា (Enrique Reina) បានចូលរួមនៅក្នុងពិធីសម្ពោធបើកស្ថានទូតនៅព្រឹកថ្ងៃអាទិត្យនេះជាផ្លូវការហើយ។ លើសពីនេះ រដ្ឋាភិបាលហុងឌូរ៉ាសក៏នឹងត្រូវកំណត់ទីតាំងអចិន្ត្រៃយ៍របស់ស្ថានទូតខ្លួន និងបង្កើនចំនួនបុគ្គលិកធ្វើការក្នុងស្ថានទូតបន្ថែមទៀត។
លោក ឈីន បានសន្យាថា ប្រទេសចិន និងប្រទេសហុងឌូរ៉ាស នឹងបង្កើតបានជាព្រឹត្តិការណ៍ជាគំរូមួយសម្រាប់ពិភពលោក នោះគឺការបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសដែលមានទំហំ និងប្រព័ន្ធគ្រប់គ្រងខុសគ្នា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
ការពង្រឹងទំនាក់ទំនងការទូតរវាងភាគីទាំងពីរ បានលេចរូបរាងឡើងខណៈដែលដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃរបស់ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ស៊ីអូម៉ារ៉ា កាស្ត្រូ (Xiomara Castro) ទៅកាន់ប្រទេសចិន។
សូម រំឭកដែរថា កាលពីខែមីនា ប្រទេសហុងឌូរ៉ាសបានចាប់ផ្ដើមបង្កើតទំនាក់ទំនងផ្លូវការជាមួយប្រទេសចិន។ ការណ៍នេះបានធ្វើឱ្យហុងឌូរ៉ាសក្លាយជាប្រទេសចុងក្រោយគេបង្អស់ ក្នុងចំណោមប្រទេសជាច្រើនទៀតដែលបានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងបែរទិសដៅទៅរកចិនវិញ។ កន្លងមក ប្រទេសចិនតែងតែបានចាត់ទុកកោះតៃវ៉ាន់ដែលមានប្រព័ន្ធគ្រប់គ្រងដោយខ្លួនឯងនេះថាជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយថាខ្លួននឹងដណ្តើមយកមកវិញដោយប្រើប្រាស់កម្លាំងយោធាប្រសិនបើចាំបាច់ និងបានហាមឃាត់ដៃគូការទូតរបស់ខ្លួន មិនឱ្យមានទំនាក់ទំនងផ្លូវការជាមួយរដ្ឋាភិបាលក្រុងតៃប៉ិទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ដែនកោះ មួយនេះ ក៏កំពុងប្រឈម នឹង ការ គំរាម កំហែង ផ្នែក យោធា ពី ទីក្រុង ប៉េកាំងខ្លាំង ផង ដែរ។ កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា មានយន្តហោះចម្បាំងរបស់ចិនចំនួន ១០ គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ វាគឺជាព្រំដែនមិនផ្លូវការមួយដែលភាគីទាំងពីរបានទទួលស្គាល់កន្លងមក។ ជាការឆ្លើយតប តៃវ៉ាន់បានដាក់ពង្រាយយន្តហោះ នាវាកងទ័ពជើងទឹក និងប្រព័ន្ធការពារគ្រាប់មីស៊ីលនៅតំបន់សំខាន់ៗរបស់ខ្លួន។
គួរដឹងដែរថា លោកស្រី កាស្ត្រូ បានធ្វើដំណើរទៅដល់ទីក្រុងសៀងហៃកាលពីថ្ងៃសុក្រ ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី ចាប់តាំងពីបានកសាងទំនាក់ទំនងជាផ្លូវការជាមួយចិនមក។ អំឡុងពេលស្នាក់នៅទីក្រុ ងសៀងហៃ លោកស្រីបានទៅទស្សនកិច្ចទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ថ្មី ដែលជាធនាគារបង្កើតឡើងដោយក្រុមប្រទេសប្រ៊ីកស៍ (BRICS) រួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រ៊ិកខាងត្បូង។ បន្ថែមលើនេះ ប្រទេសហុងឌូរ៉ាសក៏បានស្នើសុំចូលជាសមាជិកមួយក្នុងធនាគារនេះផងដែរ នេះបើយោងតាមការិយាល័យរបស់លោកស្រី កាស្ត្រូ បានប្រកាសឱ្យដឹងកាលពីថ្ងៃសៅរ៍។
សារព័ត៌មាន Global Times ផ្លូវការរបស់ចិនបានរាយការណ៍ថា លោកស្រីប្រធានាធិបតីក៏បានទៅទស្សនកិច្ចមជ្ឈ មណ្ឌលស្រាវជ្រាវសម្រាប់បច្ចេកវិទ្យាដ៏ធំរបស់ក្រុមហ៊ុនហូវៃ (Huawei) មុនពេលដែលលោកស្រីបានបន្តដំណើរទៅដល់ទីក្រុងប៉េកាំងនៅយប់ថ្ងៃសៅរ៍។
ទំនាក់ទំនងផ្លូវការរវាងប្រទេសទាំងពីរនេះ គឺជាជ័យជម្នះផ្នែកការទូតមួយដ៏ធំសម្រាប់ប្រទេសចិន ចំពេលដែលភាពតានតឹងកំពុងកើនឡើងកាន់តែខ្លាំងរវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាជាច្រើន ក្នុងនោះក៏មានបញ្ហានៅកោះតៃវ៉ាន់ទៀតផង។ ទំនាក់ទំនងផ្លូវការថ្មីនេះ ក៏បានចាប់ផ្ដើមបង្ហាញឱ្យឃើញថា ចិនកំពុងមានឥទ្ធិពលកើនឡើងខ្លាំងនៅតំបន់អាមេរិកឡាទីនផងដែរ៕
ប្រែសម្រួល:ធា សុណា
ប្រភព ៖ AP News
Honduras opens embassy in China after breaking off ties with Taiwan
https://apnews.com/article/china-honduras-castro-embassy-beijing-taiwan-0467dc8852986afdb2fee3ced223f5b0