ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រទៅបោះជំរុំហ្វឹកហាត់ជាមួយគ្រូង្វឹកក្លិបTottenham Hotspurនៅកោះសាមុយប្រទេសថៃ
ភ្នំពេញ ៖ ក្រុមបាល់ទាត់នារីរបស់អង្គការផ្កាយសមុទ្រកម្ពុជាជាង ២០នាក់ ដឹកនាំដោយ លោក ស្រី ជួប វេច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានទៅបោះជំរុំហ្វឹកហាត់បាល់ទាត់នៅកោះសាមុយប្រទេសថៃ រយៈពេល៣ថ្ងៃ ជាមួយគ្រូបង្វឹកបាល់ទាត់មកពីក្លិបTottenham Hotspur។
ថ្លែងប្រាប់អ្នកព័ត៌មានមុនចេញដំណើរ លោក ស្រី ជួប វិច្ឆិកា អ្នកដឹកនាំ បានថ្លែងលើកឡើងថា ការចេញដំណើរទៅហ្វឹកហាត់ជាផ្លូវការរបស់ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រលើកទី១នេះ គឺទទួលបានការគាំទ្រឧបត្ថម្ភពីក្រុមហ៊ុននាធនារ៉ាប់រង AIA ក្នុងនោះមានប៉ាស់ស្ព័រ សំបុត្រយន្តហោះ ការស្នាក់នៅហូបចុក សម្រាប់ការហ្វឹកហាត់របស់ក្រុមបាល់ទាត់នារីទាំងមូល។
លោក ស្រី បញ្ជាក់ទៀតថា ក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំពិតជាមានមោទកភាពណាស់ ដែលបានឃើញក្រុមបាល់ទាត់នារីបានជិះយន្តហោះទៅហ្វឹកហាត់នៅក្រៅប្រទេស។ ការបោះជំរុំហ្វឹកហាត់នេះ វាជាបទពិសោធន៍ថ្មីសម្រាប់ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រ ដែលកន្លងមកយើងធ្លាប់តែទទួលបានការហ្វឹកហាត់ពីគ្រូមកពីក្លិប Tottenham Hotspur ចំនួនពីរលើកធ្វើឡើងតែនៅក្នុង អង្គការផ្កាយសមុទ្រ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ប៉ុន្តែលើកទី៣នេះ យើងទទួលបានការហ្វឹកហាត់នៅក្រៅប្រទេស ។ ការហ្វឹកហាត់ វានឹងប្លែក ជួយផ្តល់នូវបទពិសោធន៍ល្អៗពិសេស ជំនាញបច្ចេកទេសបាល់ទាត់ពីគ្រូអន្តរជាតិដែលជាក្លិបល្បីរបស់អង់គ្លេស។
លោកស្រី ជឿជាក់ថា តាមរយៈកម្មវិធីបោះជំរុំប៉ុន្មានថ្ងៃនេះ ក្រុមបាល់ទាត់នារីអង្គការផ្កាយសមុទ្រកម្ពុជា នឹងនាំយកនូវជំនាញ និងបច្ចេកទេសល្អៗដែលចែករំលែកដោយគ្រូក្លិបTottenham Hotspurមកអនុវត្តចែករំលែកដល់កីឡាការិនីនៅកម្ពុជាឲ្យទទួលបានជំនាញបាល់ទាត់កម្រិតអន្តរជាតិជួយឲ្យវិស័យបាល់ទាត់នារីនៅកម្ពុជាកាន់តែរីកចំរើន។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ អង្គការផ្កាយសមុទ្រកម្ពុជា ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនក្រុមហ៊ុននាធនារ៉ាប់រង AIA ចំនួនពីរលើកហើយ ដោយលើកទី១ គឺការបញ្ជូនកីឡាករកីឡាការិនីបាល់ទាត់កម្ពុជាតូចៗចំនួន៤រូបទៅកាន់ដៃកីឡាក្លិបTottenham Hotspurថ្ងៃបើកព្រឹត្តិការណ៍ English Premier League កាលពីថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៣ និងលើកទី២នេះ គឺបញ្ជូនក្រុមកីឡាការិនីជាង២០នាក់ទៅបោះជំរុំហ្វឹកហាត់បាល់ទាត់ជាមួយគ្រូបង្វឹក Tottenham Hotspur នៅកោះសាមុយប្រទេសថៃ ៕
អត្ថបទ៖ ជាវ ចន្ធូ