ផ្ទុះភ្នំភ្លើងនៅហ្វីលីពីន បង្ខំឱ្យប្រជាជនរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះ

ម៉ានីល៖ មនុស្សរាប់ពាន់នាក់ដែលរស់នៅក្បែរតំបន់ភ្នំភ្លើងនៅក្នុងប្រទេសហ្វីលីពីន បានសម្រេចចិត្តជ្រកកោននៅក្នុងមជ្ឈមណ្ឌលទទួលជនភៀសខ្លួន ខណៈដែលមន្ត្រីបានព្រមានពីហានិភ័យសុខភាព ដោយសារផ្សែងផេះ និងឧស្ម័នពុល ដែលលេចចេញពីមាត់រណ្ដៅភ្នំភ្លើងដែលកំពុងផ្ទុះ។

ក្រុមអ្នកស្រាវជ្រាវផ្នែករញ្ជួយដីបាននិយាយថា ពួកគេបានកត់ត្រាការរញ្ជួយដីភ្នំភ្លើងមួយលើក ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ហើយផ្ទាំងថ្មក្តៅមានពណ៌ក្រហមកំពុងធ្លាក់ពីលើភ្នំភ្លើង Mayon នៅភាគកណ្តាលនៃខេត្ត Albay។

ការិយាល័យការពារជនស៊ីវិលបាននិយាយថា មនុស្សជាង ១២,៨០០នាក់បានបង្ខំចិត្តភៀសខ្លួនទៅកាន់មជ្ឈមណ្ឌលទទួលជនភៀសខ្លួន ដែលភាគច្រើនមកពីភូមិកសិកម្មដែលស្ថិតនៅក្បែរជើងភ្នំភ្លើង។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានគូសបញ្ជាក់យ៉ាងដូច្នេះថា ខេត្ត Albay បានស្ថិតក្នុងស្ថានភាពនៃគ្រោះមហន្តរាយ ដោយសារតែសកម្មភាពរបស់ភ្នំភ្លើង Mayon។ យើងសូមរំលឹកប្រជាជនឱ្យអនុវត្តតាមអនុសាសន៍ និងការណែនាំអំពីការភៀសខ្លួនរបស់រដ្ឋាភិបាលក្នុងតំបន់របស់អ្នក។

ភ្នំភ្លើង Mayon ដែលមានចម្ងាយប្រហែល ៣៣០គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល ត្រូវបានគេចាត់ទុកថា ជាភ្នំភ្លើងសកម្មបំផុតមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ២៤ របស់ប្រទេសហ្វីលីពីន៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner