Cambodia2050 Ep61: ការចាប់ផ្តើមសិក្សាពីអតិផរណា
អតិផរណា គឺជាការកើនឡើងនៃថ្លៃទំនិញនិងសេវាកម្មដែលយើងប្រើប្រាស់នៅក្នុងសេដ្ឋកិច្ច។ នៅពេលដែលមានអតិផរណាមានការកើនឡើង ហិរញ្ញវត្ថុនៅក្នុងដៃយើងឬក៏អ្វីដែលយើងតម្កល់ទុកនៅធនាគារនឹងមានការធ្លាក់ចុះនៃតម្លៃរបស់ខ្លួនដែលធ្វើឲ្យយើងត្រូវចំណាយលុយច្រើនដើម្បីទិញផលិតផលនិងសេវាកម្មមួយនៅលើទីផ្សារដែលយើងធ្លាប់តែប្រើប្រាស់ពីមុនមក។ ជាទូទៅ អតិផរណាមានការកើនឡើងខ្ពស់តែងតែប៉ះពាល់ដល់ដល់ប្រទេសទាំងមូលឬក៏ពិភពលោកទាំងមូល។ ប៉ុន្តែជាមួយគ្នានេះក៏មានអ្នកចំណេញពីការកើនឡើងនៃអតិផរណាដែរ។ ជាធម្មតា អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺអ្នកដែលមានប្រាក់ចំណូលទាប និងអ្នកដែលមានប្រាក់ចំណូលថេរ។ ផ្ទុយទៅវិញ អ្នកដែលផលិតម្ហូបអាហារអាចនឹងចំណេញលុយ នៅក្នុងពេលមានអតិផរណាកើនឡើងដោយគាត់យកលុយនោះទៅទុក។
មួយវិញទៀតអតិផរណាកើឡើងខ្ពស់ក៏អាចនាំឲ្យប៉ះពាល់សេដ្ឋកិច្ចដែរ។ បើសិនកាន់តែខ្លាំងគឺកាន់តែធ្ងន់ធ្ងរ ពីព្រោះវាធ្វើឲ្យទំនិញមានការឡើងថ្លៃខ្លាំង។ ដើម្បីដោះស្រាយអតិផរណាកើនឡើងខ្ពស់។ ដើម្បីដោះស្រាយអតិផរណាកើនឡើងខ្ពស់ ជាទូទៅ យើងមានគោលនយោបាយជាច្រើនហើយការសម្រេចចិត្តក្នុងការជ្រើសរើសនូវគោលនយោបាយណាមួយអាស្រ័យទៅលើស្ថានភាពនៃអតិផរណា មូលហេតុនៃអតិផរណាបូករួមទាំងលទ្ធភាព និងមធ្យោបាយដែលអាចធ្វើទៅបាន។ ជារួមមក ទាក់ទងទៅនឹងអតិផរណា ខ្ញុំគិតថាវាពិតជាមានសំខាន់ពីព្រោះដោយសារតែរូបយើងរស់នៅក្នុងសង្គម ហើយមនុស្សគ្រប់គ្នាមានលុយហើយប្រើប្រាស់លុយ។ ដូចនេះ យើងត្រូវដឹងថា ផលិតផលមួយណាឡើងថ្លៃ ផលិតផលណាធ្លាក់ចុះ ពេលណាត្រូវចាយលុយ ពេលណាត្រូវទុកលុយ ។ យើងត្រូវដឹងពីចរន្តទូទៅនៃទំនិញឬសេដ្ឋកិច្ច ជាពិសេសគឺការប្រែប្រួលនៃអតិផរណាដោយចំណេះទាំងអស់នេះអាចធ្វើ
ឲ្យការចាយលុយមានប្រសិទ្ធភាព។
សំណួរទី ១៖ តើអ្វីទៅជា អតិផរណា? វាអាចកើតឡើងដោយ មូលហេតុអ្វីខ្លះ?
អតិផរណា គឺជាការកើនឡើងនៃថ្លៃទំនិញនិងសេវាកម្មដែលយើងប្រើប្រាស់នៅក្នុងសេដ្ឋកិច្ច។ នៅពេលដែលមានអតិផរណាមានការកើនឡើង ហិរញ្ញវត្ថុនៅក្នុងដៃយើងឬក៏អ្វីដែលយើងតម្កល់ទុកនៅធនាគារនឹងមានការធ្លាក់ចុះនៃតម្លៃរបស់ខ្លួនដែលធ្វើឲ្យយើងត្រូវចំណាយលុយច្រើនដើម្បីទិញផលិតផលនិងសេវាកម្មមួយនៅលើទីផ្សារដែលយើងធ្លាប់តែប្រើប្រាស់ពីមុនមក។ ហើយទាក់ទងទៅនឹងកត្តាដែលនាំឲ្យមានការប្រែប្រួលនៃអតិផរណាគឺមានច្រើនទៅតាមស្ថានភាពរបស់វាផ្សេងៗគ្នា។ ជាទូទៅ នៅក្នុងសេដ្ឋកិច្ច ឃើញអាចមានពីរកត្តាធំៗដែលចូលរួមចំណែកធ្វើឲ្យអតិផរណាមានការប្រែប្រួលតម្លៃ។ ទីមួយ គេហៅថាវត្ថុធាតុដើមដែលវាជំរុញឲ្យមានការប្រែប្រួលតម្លៃក្នុងអតិផរណា។ នៅពេលដែលការផ្គត់ផ្គង់វត្ថុធាតុដើមដើម្បីផលិតទំនិញមួយមានការប្រែប្រួលតម្លៃ វាធ្វើឲ្យតម្លៃមានការឡើងថ្លៃខ្ពស់ខុសពីធម្មតា។
បច្ចុប្បន្ននេះដោយសារតែមានសង្គ្រាមនៅរុស្ស៊ីនៅអ៊ុយក្រែនធ្វើឲ្យតម្លៃប្រេងនឹងមានការឡើងថ្លៃ។ ហើយកត្តាមួយទៀតគឺទាក់ទងទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់។ បើសិនអ្នកផលិតមួយមានភាពល្បីល្បាញហើយមានអ្នកចង់ទិញច្រើននៅក្នុងអំឡុងពេលខ្លីណាមួយ អ្នកគ្រប់គ្រង់កន្លែងផលិតផលនឹងមិនអាចផលិតទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់បានទេ។ ដូចនេះ អ្នកផលិតនឹងតម្កើងតម្លៃរបស់គាត់ធ្វើឲ្យទំនិញឡើងថ្លៃ។ គួរបញ្ជាក់ថា ជាក់ស្ដែងទៅ អតិផរណាមិនប្រាកដថា នឹងមានកើនឡើងលើសនៃតម្លៃលើគ្រប់ទំនិញទេ។ ទំនិញខ្លះរក្សាបាននូវស្ថិរភាព ខ្លះមានការប្រែប្រួលទៅតាមទីផ្សារ។ អ្នកសេដ្ឋកិច្ចតែងតែមានជំនាញក្នុងការវិភាគពីការកើនឡើងនៃទំនិញសំខាន់ៗដូចជា ម្ហូបអាហារ ប្រេងសាំង ប្រចាំខែឬប្រចាំឆ្នាំ៕
សំណួរទី ២៖ នាពេលដែលអតិផរណាមានកម្រិតខ្ពស់ តើវាអាចនាំឱ្យមានផលប៉ះពាល់យ៉ាងណាខ្លះ?
ជាទូទៅ អតិផរណាមានការកើនឡើងខ្ពស់តែងតែប៉ះពាល់ដល់ដល់ប្រទេសទាំងមូលឬក៏ពិភពលោកទាំងមូល។ ប៉ុន្តែជាមួយគ្នានេះក៏មានអ្នកចំណេញពីការកើនឡើងនៃអតិផរណាដែរ។ ជាធម្មតា អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺអ្នកដែលមានប្រាក់ចំណូលទាបដោយគាត់មិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការទិញទំនិញដែលជាប្រចាំថ្ងៃ ហើយមួយទៀតគឺអ្នកដែលមានប្រាក់ចំណូលថេរដោយគាត់ត្រូវចំណាយច្រើនជាងមុនដើម្បីបំពេញតម្រូវការរបស់ខ្លួន។
ផ្ទុយទៅវិញ អ្នកដែលផលិតម្ហូបអាហារអាចនឹងចំណេញលុយ នៅក្នុងពេលមានអតិផរណាកើនឡើងដោយគាត់យកលុយនោះទៅទុក។ មួយវិញទៀត
អតិផរណាកើឡើងខ្ពស់ក៏អាចនាំឲ្យប៉ះពាល់សេដ្ឋកិច្ចដែរ។ បើសិនកាន់តែខ្លាំងគឺកាន់តែធ្ងន់ធ្ងរ ពីព្រោះវាធ្វើឲ្យទំនិញមានការឡើងថ្លៃខ្លាំង។ ជាមួយគ្នានេះដែរ អត្រាអត់ការងារក៏មានការកើនឡើងដោយសារតែក្រុមហ៊ុនចង់កាត់បន្ថយការចំណាយទៅលើផលិតកម្មរបស់គាត់ ដូចនេះ គាត់អាចកាត់បន្ថយបុគ្គលិកគាត់ឬក៏គាត់អាចព្យាយាមរកអ្នកផ្គត់ផ្គង់វត្ថុធាតុដើមថ្មីដើម្បីផលិតទំនិញរបស់គាត់ដើម្បីឲ្យទំនិញបានធូរថ្លៃសម្រាប់អ្នកទិញ។ ជារួមមក កាលណាអតិផរណាកើនឡើងខ្ពស់ យើងមានការព្រួយបារម្ភចំពោះអ្នកផលិតនិងអ្នកប្រើប្រាស់។
សំណួរទី ៣៖ តើ អតិផរណា និង ភាពអត់មានការងារធ្វើ មានទំនាក់ទំនងគ្នាយ៉ាងណាដែរ?
ជាធម្មតា នៅពេលណាដែលអតិផរណាកាន់តែខ្ពស់ រោងចក្រមួយត្រូវទិញទំនិញវត្ថុធាតុដើមយកមកផលិតនៅក្នុងឧស្សាហកម្មថ្លៃជាងមុនហើយប្រសិនបើគាត់ចង់លក់ផលិតផលរបស់គាត់នៅក្នុងតម្លៃដូចមុន គាត់នឹងសម្រេចចិត្តថានឹងកាត់បន្ថយបុគ្គលិកធ្វើឲ្យមនុស្សមួយក្រុមអត់មានការងារធ្វើ។ គាត់សុខចិត្តដំឡើងប្រាក់ខែឲ្យមនុស្សមួយក្រុមទៀតដែលជាអ្នកពូកែឲ្យធ្វើការលឿនដើម្បីឲ្យចំណាយលុយតិច។ ហើយប្រសិនបើអតិផរណាកាន់តែយូរ វានឹងធ្វើឲ្យមនុស្សដែលអត់ការងារធ្វើបន្តអត់មានប្រាក់ចំណូលនៅក្នុងការរស់នៅប្រចាំថ្ងៃដូចជាបុគ្គលមួយចំនួនក្នុងវិស័យទេសចរណ៍ត្រូវបានបាត់បង់ការងារធ្វើក្នុងរយៈយូរដោយជំងឺ Covid-19។
សំណួរទី ៤៖ តើរដ្ឋាភិបាលអាចដោះស្រាយបញ្ហាអតិផរណាមានកម្រិតខ្ពស់ដោយរបៀបណាខ្លះដែរ?
ជាទូទៅ យើងមានគោលនយោបាយជាច្រើនដើម្បីដោះស្រាយអតិផរណាកើនឡើងខ្ពស់ ហើយការសម្រេចចិត្តក្នុងការជ្រើសរើសនូវគោលនយោបាយណាមួយអាស្រ័យទៅលើស្ថានភាពនៃអតិផរណា មូលហេតុនៃអតិផរណាបូករួមទាំងលទ្ធភាព និងមធ្យោបាយដែលអាចធ្វើទៅបាន។ ឧទាហរណ៍ ប្រសិនបើទំនិញមានការឡើងថ្លៃដោយសារតែវត្ថុធាតុដើមនៃវត្ថុមានការឡើងថ្លៃ គេអាចដាក់គោលនយោបាយមួយធ្វើឲ្យការអត្រាការប្រាក់មានកម្រិតទាបដើម្បីធ្វើឲ្យក្រុមហ៊ុនយកប្រាក់នោះទៅវិនិយោគដើម្បីទិញវត្ថុធាតុដើមបន្ថែមឬក៏បើកប្រាក់ខែឲ្យបុគ្គលិក។
ប៉ុន្តែប្រសិនបើធនាគារកណ្តាលតម្កើនអត្រាការប្រាក់ធ្វើឲ្យក្រុមហ៊ុនកាត់បន្ថយការទិញវត្ថុធាតុដើម ឬក៏កាត់បន្ថយប្រាក់ខែបុគ្គលិក។ ករណីមួយទៀតវិញគឺអតិផរណាកើនឡើងដោយសារតែអ្នកប្រើប្រាស់។ ពួកគាត់ទិញទំនិញអី្វមួយច្រើនពេករហូតដល់អ្នកផលិតផលិតមិនទាន់នឹងធ្វើឲ្យទំនិញឡើងថ្លៃ ដូចនេះ គេអាចដំឡើងអត្រាការប្រាក់ដើម្បីធ្វើឲ្យមនុស្សទុកលុយ។ ជាមួយគ្នានេះដែរ អ្នកវិនិយោគដែលខ្ចីលុយពីធនាគារអត់មានលុយដើម្បីយកទៅផលិតទំនិញ។ ជារួមមក វាជាទំនាក់ទំនងមួយដែលមានភាពស្មុគស្មាញហើយយើងដាក់គោលនយោបាយផ្អែកទៅលើស្ថានភាពរបស់អតិផរណា។
សំណួរទី ៥៖ ក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជា តើយើងអាចធ្វើអ្វីបានដើម្បីជួយដោះស្រាយបញ្ហាអតិផរណាមានកម្រិតខ្ពស់?
ជាទូទៅ បញ្ហានេះជាបញ្ហាធំដែលយើងពិបាកក្នុងការដោះស្រាយ ប៉ុន្តែជាជាលក្ខណៈបុគ្គល យើងត្រូវស្វែងយល់ពីវាហើយយើងអាចចូលរួមដោះស្រាយវាតាមរយៈភាពសាមញ្ញផ្សេងៗដូចជា ការសន្សំប្រាក់ ការប្រើប្រាស់លុយតែទៅលើអ្វីដែលយើងត្រូវការក្នុងរយៈពេលដែលមានអតិផរណានោះ ពីព្រោះយើងមិនដឹងថាស្ថានភាពនឹងប្រសើរជាងមុន។
សំណួរទី ៦៖ តើចំណេះដឹងផ្នែកអតិផរណានេះមានសារៈសំខាន់យ៉ាងណាដែរចំពោះប្រជាជនយើង?
ទាក់ទងទៅនឹងអតិផរណា ខ្ញុំគិតថាវាពិតជាមានសំខាន់ពីព្រោះដោយសារតែរូបយើងរស់នៅក្នុងសង្គម ហើយមនុស្សគ្រប់គ្នាមានលុយហើយប្រើប្រាស់លុយ។ ដូចនេះ យើងត្រូវដឹងថា ផលិតផលមួយណាឡើងថ្លៃ ផលិតផលណាធ្លាក់ចុះ ពេលណាត្រូវចាយលុយ ពេលណាត្រូវទុកលុយ ។ យើងត្រូវដឹងពីចរន្តទូទៅនៃទំនិញឬសេដ្ឋកិច្ច ជាពិសេសគឺការប្រែប្រួលនៃអតិផរណាដោយចំណេះទាំងអស់នេះអាចធ្វើ
ឲ្យការចាយលុុយមានប្រសិទ្ធភាព។
សំណួរទី ៧៖ ដើម្បីចាប់ផ្តើមសិក្សាពីអតិផរណា តើលោកមានមតិក្នុងការចាប់ផ្តើមពីចំណុចណាដែរ?
ជាទូទៅ សាមញ្ញជាងគេគឺយើងអាចមើលព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ចឬក៏យើងអាចអានសៀវភៅសេដ្ឋកិច្ចកម្រិតចាប់ផ្តើុម។ លើសពីនេះ យើងក៏អាចទៅមើល Youtube ដោយមានការបកស្រាយពីអ្នកបច្ចេកទេសដើម្បីសិក្សាពីអតិផរណាផងដែរ។