បង់ក្លាដែសបិទសាលារៀនរាប់ពាន់ទូទាំងប្រទេស ដោយសាររលកកម្តៅ
ដាក្កា៖ បង់ក្លាដែសបិទសាលារៀនរាប់ពាន់កន្លែង ខណៈដែលប្រទេសអាស៊ីខាងត្បូងមួយនេះ បានតស៊ូឆ្លងកាត់រលកកំដៅដ៏វែងបំផុតក្នុងពេលពាក់កណ្តាលសតវត្ស ជាមួយនឹងការដាច់ចរន្តអគ្គិសនី។
រដ្ឋាភិបាលបង់ក្លាដែសបានបញ្ជាឱ្យបិទសាលាបឋមសិក្សារាប់ពាន់កន្លែងជាបណ្តោះអាសន្ន ហើយការផលិតអគ្គិសនីត្រូវបានកាត់បន្ថយ បើទោះបីជាតម្រូវការម៉ាស៊ីនត្រជាក់ និងកង្ហារបានកើនឡើងក៏ដោយ។ សីតុណ្ហភាពនៅក្នុងរដ្ឋធានីដាក្កា បានកើនឡើងប្រហែល ៤០អង្សារសេ ខណៈដែលប្រជាជនក្រីក្រទទួលរងផលប៉ះពាល់ខ្លាំងពីពន្លឺព្រះអាទិត្យ។

លោក Bazlur Rashid ដែលជាមន្ត្រីជាន់ខ្ពស់នៅនាយកដ្ឋានឧតុនិយមបង់ក្លាដែស បាននិយាយថា យើងមិនដែលឃើញរលកកំដៅដ៏យូរបែបនេះទេ ចាប់តាំងពីប្រទេសបង់ក្លាដែសទទួលបានឯករាជ្យកាលពីឆ្នាំ ១៩៧១។
សូមរម្លឹកផងដែរថា កាលពីខែមុន ការសិក្សាមួយរបស់ក្រុមវាយតម្លៃអាកាសធាតុពិភពលោក បានរកឃើញថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យកើតមានរលកកំដៅដ៏អាក្រក់បំផុតនៅក្នុងប្រទេសបង់ក្លាដែស ព្រមទាំងឥណ្ឌា ឡាវ និងថៃ ដែលយ៉ាងហោចណាស់ ៣០លើក ឬជាច្រើនជាងនេះ។

តួយ៉ាង កាលពីថ្ងៃទី០៣ ខែមិថុនា សីតុណ្ហភាពនៅក្នុងស្រុក Dinajpur ភាគខាងជើងប្រទេសបង់ក្លាដែស បានឡើងដល់ ៤១.៣អង្សារសេ ដែលជាកំណត់ត្រាខ្ពស់បំផុតនៅទីនោះ ចាប់តាំងពីឆ្នាំ ១៩៨៥៕



ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា