ការរកចំណូល២ឆ្នាំពីការបណ្តាក់ទុនរ៉ែមាស បានចំណូលជិត១០លានដុល្លារនៅមណ្ឌលគិរី (Video Inside)
ក្រសួងរ៉ែ និងថាមពល បានថ្លែងថាការចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី ក្នុងរយៈពេល២ឆ្នាំមកនេះ បានចំនួន៦ពាន់៧២៧ គីឡូក្រាម។ បើបូកសរុបការទទួល បានចំណូលសួយសារពីក្រុមហ៊ុនរកស៊ីអាជីវកម្មមាសនោះ កម្ពុជាបានប្រាក់ចំណូលប្រមាណជាង ១០លានដុល្លារអាមេរិក ក្នុងរយៈពេល២ឆ្នាំ នៃប្រតិបត្តិការ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល រោងចក្រចម្រាញ់ «រ៉ែមាស» ក្នុងតំបន់អូរខ្វាវខេត្តមណ្ឌលគិរីនោះ គឺជាអាជីវកម្មរកស៊ីរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគ ១២០លានដុល្លារ។
ក្រសូងរ៉ែ និងថាមពល បានថ្លែងថាសមិទ្ធផល នៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និងការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គមតាមស្តង់ដារអន្តរជាតិ។