អង្គការណាតូធ្វើសមយុទ្ធយោធាផ្លូវអាកាសធំបំផុតមិនធ្លាប់មាននៅអឺរ៉ុប
ប៊ែរឡាំង៖ អង្គការណាតូ នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសមយុទ្ធទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងទ្វីបអឺរ៉ុប ដើម្បីជាសញ្ញាមួយបង្ហាញពីការរួមសាមគ្គីភាព ចំពេលមានការគំរាមកំហែងដ៏មានសក្តានុពលដូចជារុស្ស៊ី។
ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ បានដឹកនាំការធ្វើសមយុទ្ធទ័ពអាកាសដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងទ្វីបអឺរ៉ុប ដែលមានឈ្មោះថា “Air Defender 23” ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៣ ខែមិថុនាខាងមុខ ក្នុងនោះមានយន្តហោះចម្បាំងចំនួន ២៥០គ្រឿង មកពីប្រទេសជាសមាជិក និងប្រទេសជាដៃគូរបស់អង្គការណាតូ រួមមានទាំងជប៉ុន និងស៊ុយអែតសរុបចំនួន ២៥ប្រទេស។
សមយុទ្ធ Air Defender ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃចំណាត់ការឆ្លើយតបរបស់អង្គការណាតូ ចំពោះការដែលរុស្ស៉ីក្រសោបយកឧបទ្វីបគ្រីមៀពីអ៊ុយក្រែន កាលពី៤ឆ្នាំមុន។ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កឱ្យបក្សសម្ព័ន្ធយោធាមួយនេះ កើនឡើងក្តីព្រួយបារម្ភជាខ្លាំង ខណៈដែលអង្គការណាតូបានចាប់កំណើតដំបូងកាលពីឆ្នាំជិត៧៥ឆ្នាំមុន ដើម្បីប្រឈមមុខជាមួយសហភាពសូវៀត។
សូមបញ្ជាក់ថា សមយុទ្ធ Air Defender 23 មានការចូលរួមពីកងទ័ពសរុប១០,០០០នាក់ ធ្វើឡើងក្នុងគោលដៅពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា និងការត្រៀមលក្ខណៈការពារខ្លួនប្រឆាំងយន្តហោះដ្រូន និងមីស៊ីលគ្រូស ក្នុងករណីមានការវាយប្រហារលើទីក្រុង អាកាសយានដ្ឋាន ឬកំពង់ផែនៅក្នុងទឹកដីរបស់អង្គការណាតូ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា