សម្តេចតេជោ ហ៊ុន សែន៖ ពូត្រូវបានគេថើបថ្ពាល់រាល់ថ្ងៃ រហូតមានគេប្រសិទ្ធនាមថា «ថ្ពាល់ផ្អែមសន្តិភាព»
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនី ដែលមានការស្រឡាញ់ រាក់ទាក់ចំពោះសម្ដេចតេជោ ជាពិសេសអំឡុងពេលជំនួបជាមួយសម្ដេចតេជោ ដោយផ្ទាល់នាពេលនេះ។
សម្តេចតេជោ បានបញ្ជាក់ថា ពូត្រូវបានគេថើបថ្ពាល់រាល់ថ្ងៃ រហូតមានគេប្រសិទ្ធនាមថា «ថ្ពាល់ផ្អែមសន្តិភាព» ។ អរគុណណាស់ សម្ដេច បានចាត់ទុកទំនាក់ទំនងនេះ មិនមែនគ្រាន់តែជាទំនាក់ទំនងរវាងនាយករដ្ឋមន្រ្ដី និងកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្ដែបានបង្ហាញអំពីទំនាក់ទំនងដូចជា តា និងចៅ ពូ អុំ និងក្មួយអ៊ីចឹង គឺជាសាច់ញាតិនៅក្នុងគ្រួសារ។ នេះជាទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រី និងជា ការគ្រប់គ្រងប្រទេសមួយ ដែលធ្លាប់តែបែកបាក់កាប់សម្លាប់គ្នា ឱ្យក្លាយទៅជាប្រទេសមួយ ដែលមានសុខសន្តិភាព មានសុខដុមរមនាជាមួយគ្នា ហើយទាំងអស់គ្នា សុទ្ធតែទទួលផលប្រយោជន៍។
តាមរយៈជំនួបជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ បានបន្តសួរសុខទុក្ខដល់កម្មករនិយោជិតទាំងអស់ ជាពិសេសទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សម្តេច បញ្ជាក់ថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយទេ ដូច្នេះមានតែការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នោះទេ ដែលជាអាវក្រោះការពារខ្លួនសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈតាមបណ្ដាប្រទេសជិតខាងកម្ពុជាមួយចំនួនស្ថានភាពកូវីដ-១៩ ក៏ចាប់ផ្ដើមកម្រើកឡើងវិញបន្តិចហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគម្រោងបន្តចុះជួបជាមួយកម្មករនិយោជិតបន្ថែមទៀត ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីជំនួបជាមួយកម្មករកម្មការិនីចំនួន១៨លើក ហើយនៅមានកម្មករនិយោជិតមួយចំនួនទៀត មិនទាន់បានជួបនៅឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា ជំនួបជាមួយកម្មករ-កម្មការិនីនាពេលនេះ គឺសម្ដេចចង់ដឹងថា អ្វីដែលធ្វើពីមុននោះ តើដំណើរការដល់ហើយ។ តើវាសម្រេចបានយ៉ាងម៉េច? ខណៈកាលពីជំនួបកាលពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យរោងចក្រកាត់ដេរនេះ មកជួបដើម្បីឱ្យលើកឡើងពីបញ្ហា និងតម្រូវការជាក់ស្ដែងរបស់បងប្អូនកម្មករ ដើម្បីធ្វើការដោះស្រាយជូនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ