បារាំង បង្កើតវគ្គបណ្តុះបណ្តាលលើវិស័យអនាម័យ និងទឹកកខ្វក់ ដល់មន្ត្រីក្រសួងសាធារណការ
ភ្នំពេញ៖ វិទ្យាស្ថានបារាំង Agro Paris Tech បានរៀបចំវគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងទឹកកខ្វក់ ទៅដល់មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនកិច្ចសហការ និងធនធានមនុស្សក្នុងវិស័យសាធារណការនេះឱ្យកាន់តែខ្លាំងថែមទៀត។
នេះបើយោងតាមកិច្ចប្រជុំ រវាងលោក Jean Antoine FABY នាយកវិទ្យាស្ថានបារាំង AgroParisTech ជាមួយនឹងឯកឧត្តម សំរ៉ង់ឌី ណាម៉ូ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
តាមរយៈក្រសួងសាធារណការ ឯកឧត្តម សំរ៉ង់ឌី ណាម៉ូ បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាចែករំលែកអំពីទិសដៅការងារ គោលបំណង និងការត្រៀមខ្លួនរបស់ភាគីទាំងពីរក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងអនាម័យ និងការងារទឹកកខ្វក់ ដើម្បីតម្រង់ទិសឱ្យវគ្គបណ្ដុះបណ្ដាលនេះអាចសម្រេចបានលទ្ធផលល្អប្រសើរ តាមគោលដៅដែលបានគ្រោងទុក។
ឯកឧត្តមបានបញ្ជាក់ថា ៖ «វគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងការងារទឹកកខ្វក់នេះ គឺគ្រោងរៀបចំឡើងរយៈពេល៣ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៣នេះ ដល់ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន»។
ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលនេះដែរ ប្រធានកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា លោក ហង់ ហ៊ីប៊ុណ្ណា បានគាំទ្រចំពោះការបង្កើតវគ្គបណ្តុះបណ្តាល់គ្រប់គ្រងអនាម័យ និងការងារទឹកកខ្វក់នេះឡើង។
លោកបានប្រាប់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយពង្រឹងសមត្ថភាពមន្រ្តីជំនាញបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ដើម្បីធានាសុខុមាលភាពប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។
សូមបញ្ជាក់ដែរថា បើតាមក្រសួងសារធារណការ និងដឹកជញ្ជូន វគ្គបណ្ដុះបណ្ដាលលើវិស័យអនាម័យ និងទឹកកខ្វក់នេះ នឹងផ្ដល់ជូនដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នូវជំនាញការងារបច្ចេកទេស ការងារគ្រប់គ្រងអភិបាលកិច្ច និងការងារសេដ្ឋកិច្ចពាក់ព័ន្ធវិស័យប្រព័ន្ធទឹកកខ្វក់ដោយផ្អែកលើប្រធានបទចំនួន៤។
ប្រធានបទនោះ រួមមាន៖ ការគ្រប់គ្រងអនាម័យបែបសមូហភាព និងមិនមែនសមូហភាព, ជំនាញ និងអ្ន កជំនាញក្នុងការគ្រប់គ្រងអនាម័យ, ការគ្រប់គ្រងអនាម័យ៖ សេវាកម្មអេកូឡូស៊ីផ្ដោតលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុនៃសេវាគ្រប់គ្រងអនាម័យ និងគំរូតម្លៃសម្រាប់ការគ្រប់គ្រងអនាម័យបែបស មូហភាព និងមិនមែនសមូហភាព៕ ដោយ៖បូរ ពេជ្រហ្សាលីន