ចំនួនអ្នកស្លាប់ដោយការបាញ់ប្រហារនៅវៀតណាមកើនដល់ ប្រាំបួននាក់
ហាណូយ៖ កាលពីថ្ងៃចន្ទ អាជ្ញាធរវៀតណាមបានឱ្យដឹងថា ចំនួនអ្នកស្លាប់បន្ទាប់ពីការវាយប្រហារដោយកាំភ្លើងនៅទីស្នាក់ការប៉ូលិសចំនួនពីរទីតាំង ស្ថិតនៅតំបន់ភូមិភាគកណ្ដាល ប្រទេសវៀតណាម បានកើនឡើងដល់ប្រាំបួននាក់ហើយ ក្នុងនោះមានមន្ត្រីប៉ូលិសបួននាក់ផង។
យោងតាមគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈ ឬហៅកាត់ថា MPS បានបញ្ជាក់បន្ថែមថា មនុស្ស ២៦ នាក់ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធនឹងករណីបាញ់ប្រហារដែលបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ ក្នុងស្រុកឃូគូន (Cu Kuin) ខេត្តដាឡាក់ (Dak Lak)។
គេហទំព័រក្រសួងដដែលបានរាយការណ៍ថា ៖ «នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានមនុស្សមួយក្រុមបានជិះម៉ូតូកាន់កាំភ្លើង និងអាវុធគ្រោះថ្នាក់ផ្សេងៗទៀត ចូលទៅវាយប្រហារ បំផ្លិចបំផ្លាញទីស្នាក់ការគណៈកម្មាធិការប្រជាជន និងការិយាល័យនគរបាលក្នុងឃុំទាំងពីរ គឺឃុំអៀទៀវ (Ea Tieu) និងឃុំអៀខ្ទើ (Ea Ktur)»។
គេហទំព័រដដែលបានបន្ថែមថា មន្ត្រីប៉ូលិសបួននាក់ មន្ត្រីមូលដ្ឋានពីរនាក់ និងជនស៊ីវិលបីនាក់បានស្លាប់ ខណៈដែលមន្ត្រីប៉ូលិសពីរនាក់ទៀតបានរងរបួសធ្ងន់។ រហូតមកដល់ពេលនេះ ប៉ូលិសបាននិងកំពុងស៊ើបអង្កេត តាមរកចាប់ជនសង្ស័យបន្ថែមទៀត។
ក្រសួងសន្តិសុខសាធារណៈ ក៏បានឱ្យដឹងផងដែរថា ជនរងគ្រោះពីរ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយខ្មាន់កាំភ្លើង ប៉ុន្តែត្រូវបានដោះលែងវិញ ខណៈដែលចំណាប់ខ្មាំងម្នាក់ទៀតដែលត្រូវបានខ្មាន់កាំភ្លើងចាប់ឃុំឃាំង បានរំដោះខ្លួនបានដោយខ្លួនឯង។
គួរដឹងដែរថា តំបន់ខ្ពង់រាបកណ្តាលនៅប្រទេសវៀតណាមនេះ គឺជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើន និងត្រូវបានចាត់ទុកថាជាតំបន់ដ៏រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម ដោយសារតែពលរដ្ឋនៅតំបន់នេះមិនសប្បាយចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងសិទ្ធិដីធ្លីជាដើម។
ក្រុមកុលសម្ព័ន្ធមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ថាជាក្រុមម៉ុងតាញ៉ា (Montagnards)។ ក្រុមកុលសម្ព័ន្ធនេះធ្លាប់ចូលរួមជាមួយវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្រ្គាមវៀតណាម។ អ្នកខ្លះបាននិងកំពុងអំពាវនាវទាមទារស្វ័យភាពតំបន់របស់ខ្លួនទៀតផង ខណៈអ្នកផ្សេងទៀតដែលកំពុងរស់នៅបរទេស ក៏កំពុងតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់នេះផងដែរ។
កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមមួយចំនួន បានលុបចោលការរាយការណ៍របស់ពួកគេអំពីឧប្បត្តិហេតុនេះ ប៉ុន្តែក៏បានបោះពុម្ពផ្សាយឡើងវិញបន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។ ជាការកត់សម្គាល់ ករណីហិង្សាបាញ់ប្រហារបែបនេះ គឺជារឿងដែលកម្រកើតមានបំផុតនៅក្នុងប្រទេសវៀតណាម ហើយវាក៏ខុសច្បាប់ផងដែរសម្រាប់ពលរដ្ឋណាម្នាក់ដែលមានអាវុធប្រើប្រាស់ ហើយទីផ្សារងងឹតសម្រាប់ជួញដូរអាវុធខុសច្បាប់ក៏តូចចង្អៀតទៀត។
កាលពីខែមករា ឆ្នាំ២០២០ មនុស្សចំនួនបួននាក់ត្រូវបានបាញ់សម្លាប់នៅសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅជាយក្រុងហូជីមិញ។ ក្រៅពីនោះ ក៏មានការបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ២០១៦ ដោយមន្ត្រីជាន់ខ្ពស់ពីរនាក់នៅខេត្តយេនប៉ាយ (Yen Bai) ភាគខាងជើង ត្រូវបានសម្លាប់ដោយសហការីនៅការិយាល័យ មុនពេលដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Death toll in Vietnam shootings climbs to nine