សហរដ្ឋ​អាមេរិក​មាន​បំណង​ចូលអង្គការយូណេស្កូ ​ដើម្បី​រុញច្រាន និងទប់ទល់ឥទ្ធិពល​ចិន​

អាមេរិក៖ រដ្ឋបាលលោក ចូ បៃដិន (Joe Biden) បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងចូលជាសមាជិកអង្គការអប់រំ និងវិទ្យាសា​ស្រ្តរបស់អង្គការសហប្រជាជាតិឡើងវិញ បន្ទាប់ពីអវត្តមានរយៈពេលប្រាំឆ្នាំ ដោយសារតែលោក ដូណាល់ ត្រាំ (Donald Trump) ដែលជាអតីតប្រធានាធិបតីអាមេរិកបានដកខ្លួនចេញកាលពីអាណត្តិមុន។​

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា សប្តាហ៍មុន ខ្លួនបានដាក់ស្នើលិខិតមួយទៅកាន់កា​រិ​យាល័យរបស់អង្គការមួយនេះដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដើម្បីស្នើសុំចូលជាសមាជិកឡើងវិញ។ អង្គការនេះត្រូ​វបានគេស្គាល់ថាជាអង្គការយូណេស្កូ (UNESCO)។​

ក្រសួងដដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «យើងត្រូវការ ការយល់ព្រមពីអង្គការយូណេស្កូជាមុនសិន មុននឹងដាក់ចេញសកម្មភាពអ្វីមួយ ហើយយើងជឿជាក់ថា អង្គការយូណេស្កូនឹងទទួលយល់ព្រមលើសំណើរ​បស់យើង ដើម្បីបានចូលជាសមាជិកនាពេលឆាប់ៗខាងមុខនេះ»។​

យ៉ាងណាក៏ដោយ ព័ត៌មាន​លម្អិត​នៃ​សំណើ​នេះ គេនៅមិន​ទាន់​ច្បាស់​នៅឡើយ​ទេ។ គួរដឹងដែរថា​ សហរដ្ឋ​អាមេរិក​បា​ន​ជំពាក់បំណុលអង្គការយូណេស្កូយ៉ាងច្រើន ប៉ុន្តែនៅដើមឆ្នាំនេះ រដ្ឋបាលរបស់លោក បៃដិន បានដាក់បញ្ចូលវិកាចំ​នួ​ន ១៥០ លានដុល្លារអាមេរិក ទៅក្នុងផែនការថវិកាមួយរបស់ខ្លួន ដើម្បីចំណាយសម្រាប់ការវិលត្រឡប់ចូលទៅក្នុងអង្គការយូណេស្កូនេះវិញ។​

កន្លងមកសហរដ្ឋអាមេរិក និងអង្គការយូណេស្កូ មានទំនាក់ទំនងមិនសូវចុះសម្រុងគ្នាប៉ុន្មាននោះទេក្នុងរយៈពេល ៤ ទ​ស្សវត្សចុងក្រោយនេះ ពោលគឺដោយសារតែមានការខ្វែងគំនិតគ្នាលើបញ្ហាមនោគមវិជ្ជាក្នុងអំឡុងពេលសង្គ្រាមត្រ​ជា​ក់ និងជម្លោះនៅអ៊ីស្រាអែល និងប៉ាឡេស្ទីននាពេលថ្មីៗនេះ។​

សូម​រម្លឹកថា អតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ក៏ធ្លាប់បានដកសហរដ្ឋអាមេរិកចេ​ញពីអង្គការយូណេស្កូនេះម្ដងរួចមកហើយកាលពីឆ្នាំ១៩៨៣ ប៉ុន្តែអតីតប្រធានាធិបតី លោក ចច ប៊ូស (George W. Bush) បានស្នើសុំចូលវិញនៅឆ្នាំ២០០២។ ក្រោយមកទៀត លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីអង្គការនេះម្ដងទៀតនៅឆ្នាំ២០១៧ ដោយហេតុផលថា អង្គការនេះមានការលំអៀង​​ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។ រីឯអ៊ីស្រាអែលវិញ ក៏​បាន​ប្រកាស​ដក​ខ្លួន​នៅ​ពេល​ជាមួយ​គ្នានោះដែរ។​

រដ្ឋបាលលោក បៃដិន ធ្លាប់បាននិយាយនៅពេលខ្លួនចូលកាន់តំណែងថា លោកមានបំណងចូលជាសមាជិកយូណេស្កូឡើងវិញ ហើយកាលពីខែមីនា នៅពេលដែលថវិកាសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ត្រូវបានដាក់ចេញហើយ អនុរដ្ឋលេ​ខាធិ​ការ លោក ចន បាស (John Bass) បានថ្លែងថា ៖ «អាមេរិកជឿជាក់ថា ការចូលជាសមាជិកអង្គការយូណេស្កូឡើ​ង​វិញ នឹងជួយសហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងជាមួយប្រទេសចិនដែលបានបណ្តាក់ទុនយ៉ាងច្រើនទៅក្នុងអង្គការរ​បស់អង្គការសហប្រជាជាតិ»។

អនុរដ្ឋលេខាធិការរូបនេះបានលើកឡើងថា ៖ «ប្រសិនបើយើងចង់ប្រកួតប្រជែងជាមួយប្រទេសចិនក្នុងយុគស​ម័យឌីជីថល វាជារឿងសំខាន់ណាស់ដែលយើងត្រូវចូលរួមក្នុងវេទិកាដ៏សំខាន់ដែលមានស្តង់ដារខ្ពស់ខាងផ្នែកអប់រំ វិទ្យាសា​ស្ត្រ និងបច្ចេកវិទ្យា»។​

លោកបានបន្ថែមថា ៖ «មានករណីជាច្រើនណាស់ដែលបេសកកម្មរបស់អង្គការយូណេស្កូសំខាន់ៗត្រូវបានប្រព្រឹត្តិទៅដោ​យគ្មានវត្តមានរបស់យើង។ ការណ៍នេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសមត្ថភាពរបស់យើង ក្នុងការចូលរួមលើ​កកម្ពស់ចក្ខុវិស័យរបស់ពិភពលោកសេរី»៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ AP News US aims to rejoin UN scientific and educational organization to push back on China

ads banner