សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាអបអរជោគជ័យក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២

 
ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាដែលទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ក្រោមអធិបតីភាពអ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ តំណាងមកពីស្ថានទូតជប៉ុនប្រចាំនៅព្រះរាជណាចក្រកម្ពុជា មូលនិធិព្រីនស៍ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពីវិស័យឯកជន ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។ អត្តពលិកបានទទួលអំណោយកោតសរសើរជាការលើកទឹកចិត្ត និងទទួលស្គាល់អំពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រកួតកន្លងមក។
 
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា «សន្តិភាពបានផ្តល់ឱ្យប្រទេសកម្ពុជា និងប្រជាជននូវមោទកភាព ស្របពេលដែលក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បាននាំយកមេដាយមាស និងប្រាក់ពីការប្រកួតកីឡាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។» «ការលះបង់ និងការខិតខំប្រឹងប្រែងរបស់អត្តពលិករបស់យើងបានទទួលផល ដែលធ្វើឲ្យប្រទេសជាតិយើងមានមោទនភាព។ ជ័យជម្នះនេះបង្ហាញពីភាពរឹងមាំរបស់អត្តពលិកយើង និងវឌ្ឍនភាពក្នុងការលើកកម្ពស់បរិយាបន្ននៅក្នុងវិស័យកីឡា។ សូមឲ្យជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ជំរុញទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ឱ្យប្រឹងប្រែងអស់ពីសមត្ថភាព ក្រោមការដឹកនាំស្របតាមចក្ខុវិស័យដ៏ឆ្លាតវៃរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមអបអរសាទរជាថ្មីម្តងទៀតដល់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជាដ៏អស្ចារ្យរបស់យើង!»
ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជាបានបង្ហាញនូវជំនាញពិសេសរៀងៗខ្លួន អំពីការធ្វើការងារជាក្រុម និងការប្តេជ្ញាចិត្តក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ។

ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការនារីកម្ពុជា បានឈ្នះមេដាយមាសក្នុងវិញ្ញាសារប្រកួត ៣ទល់៣ និង មេដាយប្រាក់ក្នុងវិញ្ញាសារ ៥ទល់នឹង៥ ដែលនេះបានសរបញ្ជាក់យ៉ាងច្បាស់ពីភាពធន់ និងជំនាញរបស់អត្តពលិកកម្ពុជាយើងម្នាក់ៗ។

ក្រុមអត្តពលិកនារីត្រូវបានវាយតម្លៃថាមានសមត្ថភាព (ឃ្វ័រលីហ្វាយ) ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជនពិការប្រចាំទ្វីបអាស៊ី លើកទី៤ (4th Asian Para Games) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហានចូវ ប្រទេសចិន ក្នុងខែតុលា ឆ្នាំ២០២៣ នេះ។
ភាពជោគជ័យរបស់ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការ គឺជាការអបអរសាទរពីសមិទ្ធផលដែលមិនអាចកាត់ថ្លៃបានរបស់អត្តពលិក និងជាសក្ខីភាពមួយចំពោះការបេ្តជ្ញាចិត្តយ៉ាងមោះមុតរបស់អត្តពលិកគ្រប់រូបក្នុងវិស័យកីឡាកម្ពុជា។

ក្រោមការដឹកនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ និងអ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត និងការជួយជ្រោមជ្រែងពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងមូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុសរសធម៌ដឹកនាំដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការបានទទួលជោគជ័យគួរឱ្យកត់សម្គាល់។ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា នឹងបន្តផ្តល់សិទ្ធិអំណាចដល់បុគ្គលដែលមានពិការភាពដើម្បីអាចចូលរួមចំណែកក្នុងវិស័យកីឡា និងអភិវឌ្ឍសមត្ថភាពរ បស់ខ្លួនឱ្យឈានដល់ចំណុចកំពូល ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner