ខេត្តចំនួនពីរជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបន្តទប់ស្កាត់បទល្មើសនានា និងពង្រឹងទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋ
កណ្ដាល៖ រដ្ឋបាលខេត្តកណ្តាល និងខេត្តព្រះសីហនុ បានធ្វើការជំរុញនិងក្រើនរំលឹកដល់អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ពន្ធ័ត្រូវពង្រឹង លើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្តទប់ស្កាត់ការលួចចូលមកកាប់រានទន្ទ្រានដីរដ្ឋឱ្យកាន់មានប្រសិទ្ធភាព។
ថ្លែងក្នុងកិច្ចប្រជុំអនុគណ:កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយរដ្ឋបាលក្រុង-ស្រុកទាំង១៣ កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានក្រើនរំលឹកដល់អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ពន្ធ័ត្រូវពង្រឹង លើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជាប្រចាំ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងដែរថា កងកម្លាំងទាំងបី ត្រូវពង្រឹងការការពារនូវសុខសុវត្ថិភាព សន្តិសុខសង្គម ដោយបានអនុវត្តនូវភូមិ-ឃុំ មានសុវត្ថិភាពជូនពលរដ្ឋនៅគ្រប់មូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ និងបន្តទប់ស្កាត់នូវបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ដែលជាបញ្ហាប្រឈមដ៏សំខាន់ផងដែរ។
ដោយឡែក រដ្ឋបាលខេត្តព្រះសីហនុវិញ នៅថ្ងៃទី១៣ ខែមិថុនា ក៏បានប្រកាសដែរថា កាលពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យ បានលបលួចចូលមកកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើនហិកតា និងបានសង់ខ្ទមអនាធិបតេយ្យ ចំនួន១៨ខ្ទម ស្ថិតនៅចំណុចអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។
រដ្ឋបាលខេត្តបានបន្តថា ៖ «បន្ទាប់ពីទទួលបានព័ត៌មាននេះ កាលពីថ្ងៃទី១១ ខែឧសភា មន្ដ្រីឧទ្យានុរក្ស នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ សហការជាមួយមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម បានចុះទៅធ្វើការអប់រំណែនាំ ឱ្យពួកគាត់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯងផងដែរ ហើយមកដល់ពេលនេះ ក្រុមនេះមិនត្រឹមតែមិនព្រមរុះរើតាមការណែនាំទេ ថែមទាំងបន្តនាំគ្នាមកសាងសង់ខ្ទម បន្ថែមជាបន្តបន្ទាប់ទៀត»។
អាស្រ័យហេតុនេះ ទើបកាលព្រឹកថ្ងៃទី១២ ខែមិថុនា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះចុះទៅធ្វើការរៀបចំសណ្តាប់ធ្នាប់ ដើម្បីយកទីតាំងខាងលើទុកជាទ្រព្យសម្បត្តិរដ្ឋវិញ។
ក្រោយពីបានស្តាប់នូវការពន្យល់អំពីទិដ្ឋភាពច្បាប់ពីក្រុមមន្ត្រីជំនាញ ក្រុមអនាធិបតេយ្យទាំងអស់បានយល់ព្រមរុះរើ និងធ្វើកិច្ចសន្យាចាកចេញដោយសន្តិវិធី ដែលជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានសម្រប សម្រួលផ្តល់មធ្យោបាយដឹកជញ្ជូនមនុស្ស និងសម្ភារចេញពីទីតាំងទៅកាន់មូលដ្ឋានដើមរៀងៗខ្លួនវិញផងដែរ។
យោងតាមមាត្រា៦២ និងមាត្រា៥៦ ចំណុចទី៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ សកម្មភាពកាប់ រានទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិនេះ ជាទង្វើខុសច្បាប់ ដែលត្រូវមានទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់ ១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥លានរៀល ដល់១៥០លានរៀល ហើយក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង។
សូមរម្លឹកដែរថា កាលពីថ្ងៃ៦ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអនុវត្តន៍ដោយម៉ឺងម៉ាត់ ចំពោះអ្នកណាដែលកាប់ទន្ទ្រានយកដីរដ្ឋ ហើយមិនត្រូវលើកលែង ក្រោមហេតុផលប៉ះពាល់ សំឡេងឆ្នោតនោះឡើយ បើទោះបីជាការបោះឆ្នោតជិតឈានចូលមកក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានបន្តដាក់បទបញ្ជាដល់បណ្ដាអភិបាល និងអាជ្ញាធរតាមបណ្ដាខេត្តទាំងអស់ត្រូវទប់ស្កាត់ឱ្យបានការកាប់ទន្រ្ទាន រុករានព្រៃឈើល្មើសច្បាប់នៅតាមខេត្តរបស់ខ្លួនផងដែរ ខណៈកន្លងទៅមានក្រុមមេខ្យល់បានកែនប្រជាជនទៅទន្រ្ទានដីឯកជន និងដីរបស់រដ្ឋ។ លើសពីនេះសម្ដេចតេជោក៏បានព្រមានថា មន្រ្ដីរាជការណាក៏ដោយ បើសិនរកឃើញថាមានការពាក់ព័ន្ធការទន្រ្ទានដីរដ្ឋ នឹងត្រូវអនុវត្តតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ៕ ដោយ៖បូរ ពេជ្រហ្សាលីន