ក្រសួងអប់រំ និងអង្គការគីហ្សូណា ដាក់ឱ្យប្រើប្រាស់កម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី១០-១២ ជាផ្លូវការ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការមណ្ឌលគាំទ្រការអប់រំ “គីហ្សូណា” បានរៀបចំពិធីប្រគល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី១០ ទី១១ និងទី១២ ដែលផលិតដោយ ESC-Kizuna និងមូលនិធិនីបប៉ុន។
ថ្លែងក្នុងពិធីនេះ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អង្គការគីហ្សូណា បានអភិវឌ្ឍកម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតមធ្យមសិក្សាទុតិយភូមិ សៀវភៅសិក្សាគោលថ្មី និងសោតុបករណ៍បង្រៀនភាសាអង់គ្លេស “English is Fun” ត្រូវបានប្រើប្រាស់នៅសាលាមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសកម្ពុជា។ សៀវភៅសិក្សាគោលថ្មីនេះ ងាយស្រួលយល់ និងងាយអនុវត្តជាងសៀវភៅមុនៗ ហើយយើងសង្កេតឃើញថា ចំនួនសិស្សដែលចូលចិត្តភាសាអង់គ្លេសបានកើនឡើង។ លោកជំទាវអនុរដ្ឋលេខាធិការបន្ថែមថា ជាមួយនឹងការណែនាំសៀវភៅសិក្សាគោលថ្មីនេះ វាជាជំនួយបន្ថែមក្នុងការរៀនភាសាអង់គ្លេស និងជួយបំពេញគម្លាតសមត្ថភាពសិស្សទាំងនៅក្នុងទីក្រុង និងតំបន់ជនបទ ដើម្បីអោយសិស្សមានសមត្ថភាពប្រហាក់ប្រហែលគ្នា ទោះឋិតក្នុងតំបន់ណាក្តី។ ជាមួយគ្នានេះ យើងសង្ឃឹមថា ចំនួនអ្នកនិយាយភាសាអង់គ្លេសមានការកើនឡើង មិនមែនសម្រាប់តែតំបន់ទេសចរណ៍ និងទីក្រុងនោះទេ ប៉ុន្តែគឺគ្របដណ្តប់ទៅតំបន់ផ្សេងៗទូទាំងប្រទេសផងដែរ។
នាឱកាសនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសំដែងការពេញចិត្តយ៉ាងខ្លាំងដែលមូលនិធិនីបប៉ុនសហការជាមួយអង្គការគីហ្សូណា ក្នុងការអភិវឌ្ឍភាសាអង់គ្លេសនៅក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ភាសាអង់គ្លេស គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ក្មេងៗជំនាន់ក្រោយ ពីព្រោះជំនាញមួយនេះ នឹងជះផលជាវិជ្ជមានដល់អនាគតប្រទេសជាតិរបស់ពួកគេ។
ជាមួយគ្នានេះ លោក ម៉ូរី យឺជិ នាយកប្រតិបត្តិមូលនិធិនីបប៉ុន បានបញ្ជាក់ថា សៀវភៅសិក្សាភាសាអង់គ្លេសសម្រាប់មធ្យមសិក្សាទុតិយភូមិដែលត្រូវបានអនុម័តដោយថ្នាក់ជាតិ ដោយសហការពីមូលនិធិនីបប៉ុន និងអង្គការមណ្ឌលគាំទ្រការអប់រំ “គីហ្សូណា” ក្នុងការផលិតបញ្ចប់ជាស្ថាពរ និងប្រគល់ជូនក្រសួងអប់រំយុវជន និងកីឡានៅប្រទេសកម្ពុជា។ លោកបានសម្តែងការអបអរសាទរ ចំពោះសមិទ្ធិផលមួយនេះ។ លោកនាយប្រតិបត្តិបន្ថែមទៀតថា នាពេលអនាគត មូលនិធិ និបប៉ុននឹងបន្តការខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕
អត្ថបទ៖ ឈឹម ទីណា