អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ខ្លួនកំពុងជួយរុស្ស៊ីសាងសងរោងចក្រផលិតយន្តហោះដ្រូន
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា អ៊ីរ៉ង់កំពុងបញ្ជូនសម្ភារៈទៅឱ្យរុស្ស៊ី ដើម្បីជួយរុស្ស៊ីសាងសង់រោងចក្រផលិតយន្តហោះគ្មានមនុស្សបើក។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ប្រទេសអ៊ីរ៉ង់ច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា អ៊ីរ៉ង់កំពុងបញ្ជូនសម្ភារៈទៅឱ្យរុស្ស៊ី ដើម្បីជួយរុស្ស៊ីសាងសង់រោងចក្រផលិតយន្តហោះគ្មានមនុស្សបើក។ លោក Kanaani បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិរវាងអ៊ីរ៉ង់ និងរុស្ស៊ី បានចាប់ផ្តើមមុនពេលផ្ទុះជម្លោះរុស្ស៊ី និងអ៊ុយក្រែនមកម្ល៉េះ។

លោក Kanaani បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់សេតវិមាន ដែលថា អ៊ីរ៉ង់បានផ្តល់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធរាប់រយគ្រឿងដល់រុស្ស៊ីកាលពីខែមុន ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា