សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃផ្ទះ
ភ្នំពេញ៖ ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ក្នុងខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃផ្ទះ ក្នុងពេលដែលកម្មករកម្មការិនីដំឡើងប្រាក់ឈ្នួល។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះ ដោយសារតែកន្លងមក នៅពេលដែលមានការដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងវិស័យកាត់ដេរ ម្ចាស់ផ្ទះជួលមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការដំឡើងថ្លៃដែរ។
សម្តេច បញ្ជាក់ថា៖ ខ្ញុំសូមអំពាវនាវកុំឱ្យមានការដំឡើងថ្លៃផ្ទះជួល ក្នុងពេលស្ថានភាពដែលយើងដំឡើងប្រាក់បៀវត្សបានតិចតួច យកបានតិចប្រសើរជាងយកអត់បាន។ នៅតែបន្តអំពាវនាវ ព្រោះកាលពីមុនកម្មករឡើង១០ដុល្លារ ម្ចាស់ផ្ទះឡើង១៥ដុល្លារ ចឹងធ្វើម៉េចឡើងទាន់ថ្ងៃឈ្នួល?។
សម្តេចបានកត់សម្គាល់ថា ចាប់តាំងពីសម្តេចបានអំពាវនាវមក ម្ចាស់ផ្ទះជួលមួយចំនួនមានការយោគយល់មិនដំឡើងថ្លៃជួលដល់កម្មករនោះទេ ដែលផ្តល់ឱកាសឱ្យកម្មករកម្មការិនីនៅសល់ប្រាក់សមរម្យ ខណៈថ្លៃទឹក ថ្លៃភ្លើង ក៏ត្រូវរាជរដ្ឋាភិបាលបានអនុវត្តល្អប្រសើរផងដែរ។
សូមបញ្ជាក់ថា សម្រាប់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ក្នុងវិស័យវាយណភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ក្នុងឆ្នាំ២០២៣នេះ ត្រូវបានដំឡើងដល់ចំនួន ២០០ដុល្លារ ក្នុង ១ខែ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ