មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មានលើវិស័យបរិស្ថាននឹងជួយឱ្យការផលិតព័ត៌មានកាន់តែមានគុណភាព
ខេត្តពោធីសាត់៖ ក្រុមអ្នកសារព័ត៌មានមកពី ១៥ស្ថាប័ន និងមានចំនួន ២០នាក់ ក្នុងប្រទេសកម្ពុជា បានទទួលចំណេះដឹងដើម្បីពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយបរិស្ថាន ការការពារ និង អភិរក្សធនធានធម្មជាតិ សម្រាប់និរន្តរភាពជីវភាពប្រជាពលរដ្ឋ ការពង្រឹងបាននូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដែលបានអនុវត្តកម្មវិធីនិងយុទ្ធសាស្រ្តនានា ដូចជាកម្មវិធីរេដបូក គម្រោងឥណទានកាបូន និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបានឱ្យដឹងថា វេទិកាបានផ្តល់ជូនអ្នកសារព័ត៌មានយល់ជ្រួតជ្រាបកាន់តែច្បាស់ ទៅលើការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តម ជួប ប៉ារីស បានថ្លែងបន្ថែមថា ការបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មាន គឺជាផ្នែកមួយសំខាន់បន្ថែមទៀត ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានបរិស្ថាន។ ឯកឧត្តម បន្តថា ”កាលណាគេនិយាយពីការប្រែប្រួលអាកាសធាតុ គឺ សំដៅទៅលើការប្រែប្រួលកំដៅលើផែនដី ។ ការប្រែប្រួលកម្តៅនឹងនាំឱ្យប៉ះពាល់ការរស់នៅរបស់ មនុស្ស សត្វ រុក្ខជាតិ ជាដើម ។
ឯកឧត្តម បានបញ្ជាក់ថា ពិតមែនតែកម្ពុជា ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តិចតួចបំផុតក្តី ក៏កម្ពុជាកំពុងរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុនិងបញ្ហាបរិស្ថានសកលនានា ជាពិសេសការចូលរួមអនុវត្តកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិទាំងអស់ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ជាពិសេសកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្រ្តអនុវត្តន៍រយៈពេលវែង សម្រាប់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្នុងឱកាសនោះ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមការពារព្រៃឈើ សត្វព្រៃដើម្បីការពារឱ្យបាននៃលំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡេស៊ីនៅកម្ពុជា។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអ្នសម្របបសម្រួលកម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថានជាមួយអ្នកសារព័ត៌មាន បានបញ្ជាក់ថា អ្នកសារព័ត៌មាន នឹងធ្វើដំណើរចុះទៅដល់ទីតាំងផ្ទាល់នៃគម្រោងរបស់ក្រសួងបរិស្ថាន ដែលបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ក្នុងជួរភ្នំក្រវាញ ជាពិសេសការបង្កើតជម្រើសសម្រាប់ជីវភាពគ្រួសារ និងសក្តានុពលវិស័យទេសចរណ៍ធម្មជាតិជាដើម ។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន សម្របសម្រួលដោយ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមានការគាំទ្រដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដោយមានអ្នកសារព័ត៌មានទាំង១៥ស្ថាប័ន ចំនួន ២០នាក់ (មកពីស្ថានីយវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអេឡិកត្រូនិក)៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖ លោក រិន រចនា និង លោក ង៉ាន់ ទិត្យ