នាយទាហានរង ពលទាហានទាំងអស់នៃអធិការកិច្ចកងទ័ពជើងគោក គាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពែញ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃអធិការកិច្ច កងទ័ពជើងគោក បានធ្វើញ្ញត្តិគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។

យោងតាមភាពចាំបាច់របស់កម្ពុជា ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី កថាខណ្ឌចុងក្រោយដែលបានចែងថា “បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់” ខណៈពេលដែលមានចលនាវិទ្ធំសនារារាំង អំពាវនាវ មិនឱ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតជាតិ នាពេលខាងមុខ និងក្នុងគោលបំណងជំរុញការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាបាននូវការចូលរួមបោះឆ្នោតមួយប្រកប ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបញ្ចៀសបាននូវរាល់សកម្មភាព រារាំង វិទ្ធំសនា នានា ដែលនាំទៅដល់ការបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។

ក្នុងនាមអង្គភាព អធិការកិច្ច កងទ័ពជើងគោក សូមអំពាវនាវដល់គ្រួសារ នាយទាហាន នាយទាហានរង ពលទាហាន និងពលរដ្ឋខ្មែរគ្រប់រូប ពិសេសអ្នកដែលមានសិទ្ធិចូលរួមបោះឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខាន ដើម្បីធានានូវកាតព្វកិច្ចក្នុងការបោះឆ្នោតអាណត្តិទី៧ របស់ប្រទេសកម្ពុជា៕

ads banner