ប្រមុខណាតូសង្ឃឹមថា ការវាយលុករបស់អ៊ុយក្រែននឹងជំរុញឱ្យរុស្ស៊ីយល់ព្រមចរចាបញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន៖ ប្រមុខអង្គការណាតូកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងរដ្ឋធានី វីលនីញូស ប្រទេសលីទុយអានី នាខែកក្កដាខាងមុខនេះ។
អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនបឺគ បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯសេតវិមានថា អ៊ុយក្រែនដែលគាំទ្រដោយលោកខាងលិច កំពុង “ធ្វើឱ្យមានវឌ្ឍនភាព” នៅក្នុងប្រតិបត្តិការវាយលុករុញច្រានកងកម្លាំងរុស្ស៊ី ឱ្យចាកចេញពីទឹកដីដែលពួកគេកាន់កាប់។
លោក ស្ដូលធិនបឺគ បានសង្កត់ធ្ងន់លើប្រតិបត្តិការនេះថា ជាមធ្យោបាយមួយដើម្បីទទួលបានឥទ្ធិពលនៃការចរចា។ នាឱកាសនោះដែរ លោក បៃដិន បានប្រាប់លោក ស្តូលធិនបឺគ ដែលនឹងផុតអាណត្តិជាប្រមុខអង្គការណាតូក្នុងខែតុលាថា ប្រតិកម្មរបស់អង្គការណាតូចំពោះការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានធ្វើឱ្យសម្ព័ន្ធភាពយោធាមួយនេះកាន់តែរឹងមាំ។
លោក បៃដិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងបានពង្រឹងផ្នែកខាងកើតរបស់អង្គការណាតូ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងការពារគ្រប់អ៊ីញនៃទឹកដីរបស់អង្គការណាតូ។ ខ្ញុំសូមនិយាយម្តងទៀតថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះមាត្រាទី ៥ របស់អង្គការណាតូ គឺរឹងមាំដូចថ្ម ដោយយោងទៅលើការសន្យាថា សមាជិកទាំងអស់នឹងការពារគ្នាទៅវិញទៅមក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា